
រាជធានីភ្នំពេញ៖ លោកឧនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបណ្ដាឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅកម្ពុជា ចំនួន២៧ប្រទេស ដើម្បីជម្រាបពីស្ថានភាពពិត និងការវិវត្ត ជុំវិញស្ថានការណ៍បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលកំពុងបន្តកើនកម្ដៅដាក់គ្នារកផ្លូវពន្លត់មិនទាន់បាននៅឡើយ។ នេះបើតាមការផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា…។

ជំនួបរវាងប្រមុខការទូតកម្ពុជា និងបណ្ដាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅកម្ពុជាទាំង២៧ប្រទេស ធ្វើឡើងនាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១៧មិថុនា ឆ្នាំ២០២៥។ ក្រៅពីពន្យល់បកស្រាយរឿងពិត ពីបញ្ហាដែលបានកើតឡើងនៅព្រំដែនរវាងកម្ពុជា-ថៃ លោកឧនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានជម្រាបជូនបណ្ដាទូតប្រទេសជាមិត្តទាំងអស់ ពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនបញ្ហានៅតំបន់ទាំង៤ គឺ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ។ សូមជម្រាបថា ការពន្យល់ដល់បណ្ដាទូតបរទេសពីសំណាក់ភាគីកម្ពុជា នាពេលនេះ គឺដើម្បីឱ្យបរទេសជាមិត្តទាំងអស់បានដឹងពីរឿងពិតចេញពីមាត់កម្ពុជាផ្ទាល់ មិនមែនស្ដាប់សំដីរបស់ភាគីថៃតែម្ខាងនោះទេ។

កាលពីថ្ងៃទី៩មិថុនាថ្មីៗនេះ កងទ័ពភូមិន្ទថៃ បានជួបជាមួយតំណាងការពារជាតិបរទេសមកពី៤២ប្រទេស ដែលមានមូលដ្ឋាននៅរាជធានីងបាងកក និងក្រៅប្រទេស ដើម្បីរ៉ាយរ៉ាប់ប្រាប់ពីស្ថានភាពតានតឹងតាមព្រំដែនជាមួយកម្ពុជា។ ការព្យាយាមអះអាងពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយកម្ពុជា ប្រាប់ទៅបរទេសពីសំណាក់ភាគីថៃ ធ្វើឡើងក្នុងគោលបំណងពង្រឹងទំនុកចិត្តអន្តរជាតិ និងពង្រឹងទំនាក់ទំនងសន្តិសុខជាមួយដៃគូលើពិភពលោក។ កម្ពុជាច្បាស់ក្នុងចិត្តថា តំបន់ទាំង៤ ដែលកំពុងមានជម្លោះជាមួយថៃ គឺជាកម្មសិទ្ធិរបស់កម្ពុជាតាំងពីយូរយាណាស់មកហើយ ដូច្នេះ កុំឱ្យស្មុគស្មាញពិបាកដោះស្រាយ កម្ពុជាសម្រេចបញ្ជូនឯកសារពាក់ព័ន្ធតំបន់ទាំង៤ ទៅតុលាការអន្តរជាតិ (ICJ) តែម្ដង ខណៈលិខិតផ្លូវការដែលកម្ពុជាបញ្ជូនទៅ បានទៅដល់ដៃក្រឡាបញ្ជី លោក ហ្វីលីពប៉េ ហ្គាត់ទ័រ (Philippe Gautier) នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីរសៀលថ្ងៃទី១៦មិថុនាម្សិលមិញ។ ទោះជាយ៉ាងណាក៏ដោយ ថៃនៅតែបន្តបដិសេធមិនឡើងទៅតុលាការអន្តរជាតិជាមួយកម្ពុជាឡើយ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ការយកបញ្ហាព្រំដែនប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រោះកម្ពុជា-ថៃ នឹងមិនអាចចុះសម្រុងគ្នាឡើយលើចំណុចទាំង៤នេះ បើទោះបី១០០ឆ្នាំ ឬ២០០ឆ្នាំទៅមុខទៀត។ ដូច្នេះ សម្ដេចសង្ឃឹមថាប្រទេសក្នុងពិភពលោកដែលកំពុងអនុវត្តន៍នយោបាយគោរពច្បាប់អន្តរជាតិ នឹងគាំទ្រដល់កម្ពុជាដែលកំពុងស្វែងរកដំណោះស្រាយដោយសន្ដិភាព។ ជុំវិញថៃ មិនព្រមឡើងទៅតុលាការអន្តរជាតិជាមួយកម្ពុជា សម្ដេចតេជោ ថ្លែងចេញពីវិមានព្រឹទ្ធសភាកាលពីថ្ងៃទី១៦មិថុនាម្សិលមិញថា «អ្នកណាក៏ដោយ ដែលគេចវេះពីតុលាការមានន័យថា ខ្លួនមានពិរុទ្ធភាព ឬអាចនិយាយតាមមួយបែបទៀត គឺមានតែចោរទេ ដែលខ្លាចតុលាការ»៕




