
រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ដាតុ ស៊េរី យូតាមា ហាជី មហា ម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីគូឡាឡាំពួ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១កក្កដា ឆ្នាំ២០២៥...។

ក្នុងឱកាសចូលរួមកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គ្រោងមានជំនួបទ្វេភាគីជាមួយសមភាគីបរទេសមួយចំនួន ដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ ធ្វើឡើងក្រោមមូលបទ «បរិយាបន្ន និងចីរភាព» នឹងពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងការពង្រឹងមជ្ឈភាពអាស៊ាន នៅចំពោះមុខស្ថានការណ៍តំបន់ និងពិភពលោកកាន់តែមានភាពស្មុគស្មាញ។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេស នៃប្រទេសសមាជិកអាស៊ាន នឹងផ្លាស់ប្ដូរទស្សនជាមួយសមភាគីជាដៃគូសន្ទនា លើកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ និងលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្ដីកង្វល់ និងផលប្រយោជន៍រួម៕



