
ប៊ែរឡាំង៖ ក្រុមចោរប្លន់មួយក្រុម បានប្រើប្រាស់ឧបករណ៍ខួងខ្នាតធំ ចោះទម្លុះចូលទៅក្នុងបន្ទប់ដាក់ប្រាក់សុវត្ថិភាពរបស់ធនាគារ Sparkasse ក្នុងទីក្រុង Gelsenkirchen ភាគខាងលិចប្រទេសអាល្លឺម៉ង់ អំឡុងពេលឈប់សម្រាកបុណ្យគ្រីស្មាស ដោយបានប្រមូលយកប្រាក់សុទ្ធ មាស និងគ្រឿងអលង្ការ ដែលមានតម្លៃសរុបប្រមាណ៣០លានអឺរ៉ូ ឬត្រូវនឹងប្រហែល៣៥លានដុល្លារអាម៉េរិក។

យោងតាមការបញ្ជាក់ពីប៉ូលិស និងខាងធនាគារ កាលពីថ្ងៃទី៣០ខែធ្នូ ក្រុមចោរបានវាយកម្ទេច និងបើកទូដែកសុវត្ថិភាពរបស់អតិថិជនជាង៣ពាន់ទូ នៅក្នុងប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។ តាមការស៊ើបអង្កេតបឋម ក្រុមចោរបានលួចចូលទៅក្នុងបន្ទប់ក្រោមដីនៃធនាគារ តាមរយៈចំណតរថយន្តមួយកន្លែង ដោយការចោះទម្លុះជញ្ជាំង។ អាជ្ញាធរសង្ស័យថា ក្រុមចោរអាចនឹងចំណាយពេលពេញមួយថ្ងៃឈប់សម្រាកចុងសប្តាហ៍នៅក្នុងបន្ទប់នោះ ដើម្បីមានពេលគ្រប់គ្រាន់ក្នុងការគាស់ទូដែកជិត៩៥ភាគរយនៃចំនួនទូសរុបទាំងអស់។ ករណីប្លន់នេះ ត្រូវបានដឹងបន្ទាប់ពីប្រព័ន្ធផ្តល់សញ្ញាអាសន្នពីអគ្គិភ័យបានរោទ៍ឡើង ខណៈសាក្សីខ្លះបានរាយការណ៍ថា ឃើញបុរសមួយក្រុមមានកាន់កាបូបធំៗនៅតាមជណ្តើរចំណតរថយន្ត ហើយកាមេរ៉ាសុវត្ថិភាពក៏បានចាប់រូបភាពរថយន្ត Audi ពណ៌ខ្មៅមួយគ្រឿងដឹកមនុស្សពាក់ម៉ាស បើកចេញពីកន្លែងកើតហេតុផងដែរ។

បច្ចុប្បន្ន ក្រុមជនសង្ស័យនៅតែបន្តគេចខ្លួន ខណៈអតិថិជនរាប់រយនាក់ដែលមានការព្រួយបារម្ភ បានមកប្រមូលផ្តុំគ្នានៅមុខធនាគារដើម្បីទាមទារព័ត៌មានអំពីទ្រព្យសម្បត្តិរបស់ពួកគេ។ ខាងធនាគារបានបង្កើតខ្សែទូរសព្ទបន្ទាន់សម្រាប់ជួយអតិថិជន និងកំពុងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង ដើម្បីដោះស្រាយការទាមទារសំណង ខណៈដែលតម្លៃធានារ៉ាប់រងជាមធ្យមសម្រាប់ទូដែកនីមួយៗមានតម្លៃជាង១ម៉ឺនអឺរ៉ូ៕



