រដ្ឋធានីហាណូយ៖ ចំណូលពាណិជ្ជកម្មសរុបរបស់ប្រទេសវៀតណាម ត្រូវបានគេព្យាករថា នឹងឈានដល់កំណត់ត្រា៩២០ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំនេះ ដែលធ្វើឱ្យប្រទេសសង្គមនិយមមួយនេះ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចពាណិជ្ជកម្មកំពូលទាំង១៥របស់ពិភពលោក...។

ការព្យាករនេះ ត្រូវបានប្រកាសកាលពីពេលថ្មីៗដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោកស្រី ផាន់ ធី ថាង (Phan Thi Thang) នៅក្នុងសន្និសីទពិនិត្យឡើងវិញនូវដំណើរការរបស់វិស័យនេះ។ លោកស្រីបាននិយាយថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ តម្លៃនាំចេញ-នាំចូលសរុបរបស់វៀតណាមបានកើនឡើងដល់៨៨៣,៧ពាន់លានដុល្លារអាម៉េរិករួចហើយ។ ការនាំចេញត្រូវបានគេរំពឹងថា នឹងកើនឡើង១៦ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤ ដោយឈានដល់ប្រហែល៤៧០ពាន់លានដុល្លារអាម៉េរិក។ ប្រទេសវៀតណាម បានកត់ត្រាអតិរេកពាណិជ្ជកម្មរយៈពេល១០ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៦ ដែលផ្តល់នូវរំហូរចូលរូបិយបណ្ណបរទេសជាប្រចាំ បន្ធូរបន្ថយសម្ពាធអត្រាប្តូរប្រាក់ និងជួយជំរុញទុនបម្រុងប្តូរប្រាក់បរទេសជាតិ។

ចំណូលពាណិជ្ជកម្មរបស់ប្រទេសវៀតណាម បានបង្ហាញកំណើនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចាប់ពីរចំណូលបាន១០០ពាន់លានដុល្លារក្នុងឆ្នាំ២០០៩ ចំណូលពាណិជ្ជកម្មសរុបបានកើនឡើង៩ដង។ ចំនួនទំនិញនាំចេញដែលបង្កើតបានជាង១ពាន់លានដុល្លារ ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ពី១០មុខទំនិញក្នុងឆ្នាំ២០០៧ ដល់៣៦មុខទំនិញនាពេលបច្ចុប្បន្ន។ ទីផ្សារនាំចេញបានបន្តពង្រីក ដោយចំនួនទីផ្សារដែលបង្កើតបានជាង១ពាន់លានដុល្លារកើនឡើងពី២៧មុខទំនិញក្នុងឆ្នាំ២០១៣ ដល់៣៥នៅចុងឆ្នាំមុន។ សកម្មភាពផលិតកម្មបាន និងកំពុងពង្រីក។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មត្រូវបានប៉ាន់ប្រមាណថាមាន៩,៥ភាគរយ ខ្ពស់ជាង៨,២ភាគរយដែលបានកត់ត្រាក្នុងឆ្នាំ២០២៤។

ប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីចំនួន៤ នៅឆ្នាំនេះ ដែលធ្វើឱ្យចំនួនសរុបដល់១៧ ជាមួយប្រទេសនិងដែនដីចំនួន៦៥។ ទំហំនៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកបានលើសពី៣០ពាន់លានដុល្លារជាលើកដំបូងនៅឆ្នាំនេះ។ ប្រទេសវៀតណាម ក៏បានរក្សាតំណែងរបស់ខ្លួនជាលេខ៣២ នៅទូទាំងពិភពលោកទាក់ទងនឹងតម្លៃម៉ាកយីហោជាតិ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី ថាង បានកត់សម្គាល់ថា ខណៈការនាំចេញមានការកើនឡើង ពួកវានៅតែមិនអាចទ្រទ្រង់បាន ដោយការវិនិយោគផ្ទាល់ពីបរទេសមានចំនួនច្រើន។ ប្រទេសវៀតណាមនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សារសំខាន់ៗជាច្រើន ហើយប្រឈមមុខនឹងសម្ពាធពីការស៊ើបអង្កេតការពារពាណិជ្ជកម្ម និងការក្លែងបន្លំប្រភពដើម។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍទីផ្សារក្នុងស្រុក និងសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកនៅតែមានកម្រិត។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ (Pham Minh Chinh) បានបញ្ជាក់ជាថ្មីអំពីមហិច្ឆតារបស់រដ្ឋាភិបាលក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ចពីរខ្ទង់នៅក្នុងឆ្នាំខាងមុខ។ លោកបានលើកឡើងថា វិស័យឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវតែសម្រេចបានកំណើនលើសពី១០ភាគរយ ដោយការធ្វើឱ្យកម្លាំងជំរុញកំណើនប្រពៃណីរស់ឡើងវិញ ខណៈពេលដែលជំរុញចូលទៅក្នុងទីផ្សារថ្មីៗ៕

