១១ខែ ឆ្នាំ២០២៥ ចិននៅតែឈរលំដាប់លេខ១ លើការបោះទុនវិនិយោគនៅកម្ពុជា
S
Sreyleak Yith
05 ធ្នូ 2025 02:45 AM

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៩,៥ប៊ីលានដុល្លារអាម៉េរិក។ ក្នុងនោះ ធុរជនមកពីប្រទេសចិននៅបន្តក្តោបក្តាប់តំណែងកំពូលតារាងនៃធុរជនបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា...។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានឱ្យដឹងថា ប្រភពទុនវិនិយោគឈានមុខគេ ទី១.ប្រទេសចិន មានចំនួន៥២,៦២ភាគរយ, ទី២.ធុរជនកម្ពុជា មាន៣២,៤៩ភាគរយ, ទី៣.ប្រទេសសិង្ហបុរី មាន៤,៤៩ភាគរយ, ទី៤.ប្រទេសវៀតណាម មាន៤,៣០ភាគរយ, ទី៥.កោះ British virgin មាន១,៦៥ ភាគរយ, ទី៦.ចក្រភពអង់គ្លេស មាន០,៥២ភាគរយ​, ទី៧.សហរដ្ឋអាម៉េរិក 0,៤៤ភាគរយ, ទី៨.កោះ Cayman 0,៤២ភាគរយ,​ ទី៩.កោះ Samoa មាន០,៣៩ភាគរយ, និងទី១០.កោះ Bermuda 0,២៧ភាគរយ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្ថែមថា ការបោះទុនវិនិយោគមានការកើនឡើង២២០គម្រោង ខណៈទុនវិនិយោគក៏មានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិកផងដែរ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែចំនួន៣៨៩ ក្នុងទំហំទុនវិនិយោគប្រមាណ៦,៥ប៊ីលានដុល្លារអាម៉េរិក។ ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីចុងខែវិច្ឆិកាកន្លងទៅ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទ្បើងថា កម្ពុជានឹងឈានទៅបំបែកកំណត់ត្រាសាជាថ្មីម្ដងទៀត ក្នុងការអនុម័តគម្រោងវិនិយោគឱ្យបានច្រើនជាង៦០០នៅក្នុងឆ្នាំ២០២៥នេះ ខណៈធ្លាប់បំបែកកំណត់ត្រានេះម្ដងរួចហើយ កាលពីឆ្នាំ២០២៤៕

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត