ស្ពានព្រែកប្រា-ចាក់អង្រែក្រោម នឹងក្លាយជាចលករសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ពលរដ្ឋក្នុងតំបន់ និងការតភ្ជាប់អន្តររាជធានី-ខេត្ត
S
Sreyleak Yith
01 ធ្នូ 2025 07:02 AM

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា ពេលសាងសង់រួច ស្ពានព្រែកប្រា-ចាក់អង្រែក្រោម នឹងផ្តល់គុណប្រយោជន៍សំខាន់៣យ៉ាងដល់ពលរដ្ឋក្នុងមូលដ្ឋាន និងជាការតភ្ជាប់ផ្លូវសេដ្ឋកិច្ចអន្តររាជធានី-ខេត្ត...។

ចំណុចសំខាន់ៗទាំង៣នោះរួមមាន៖ ទី១.កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ, ទី២.កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នេះឱ្យកាន់តែមានភាពរីកចម្រើន ងាយស្រួលលើការដឹកជញ្ជូនទំនិញ។ និងទី៣.ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គមរវាងរាជធានីភ្នំពេញប៉ែកខាងត្បូង និងព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន។ លោក ផន រឹម បន្តថា គិតត្រឹមបំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងស្ថាបនាស្ពានព្រែកប្រា-ចាក់អង្រែក្រោម សម្រេចបាន៥៣ភាគរយហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ដំណើរការរំកិលធ្នឹមស្ពាន បានចាប់ផ្តើមពីថ្ងៃទី២៩ និង៣០ ខែវិច្ឆិកា ហើយនៅថ្ងៃទី១ធ្នូនេះ គឺជាថ្ងៃចុងក្រោយនៃការរំកិលធ្នឹមស្ពាន ឆ្លងកាត់ផ្លូវជាតិលេខ២ ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រតិទិនការដ្ឋានបានស្តែងឱ្យឃើញថា ដំណើរការស្ថាបនា មិនមានភាពយឺតយ៉ាវទ្បើយ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ។សូមជម្រាបថា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា មានតម្លៃ៦០លានដុល្លារ ស្ថិតនៅចន្លោះស្ពានមុនីវង្ស និងស្ពានព្រែកសំរោង ដោយរាជរដ្ឋាភិបាលបានពិចារណាចំនួន២ទីតាំង។ គម្រោងទី១.តភ្ជាប់ត្រង់ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម និងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា។ ស្ពាននេះ ចាប់បន្តពីមហាវិថីអ្នកឧកញ៉ា ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ផ្លូវទទឹង៧ម៉ែត្រ ជាប់ខាងជើងវត្តចាក់អង្រែក្រោម ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់គម្រោងផ្លូវ៣០-៥០ម៉ែត្រ មានប្រវែងសរុបប្រមាណ ៨៨៧ម៉ែត្រ។

ចំណែក គម្រោងទី២.តភ្ជាប់ត្រង់ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម និងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ហើយត្រូវស្ថាបនាបន្ចាប់តពីគម្រោងផ្លូវ៥០-៦០ម៉ែត្រ ផ្លូវអ្នកឧកញ៉ា ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ទៅគ្រោងផ្លូវ៥០-៦០ម៉ែត្រ ដែលមានប្រវែង៩០០ម៉ែត្រ។ គម្រោងស្ពាននេះទៀតសោធ ត្រូវបានសិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) ដែលទទួលបានថវិកាពីរដ្ឋាភិបាលចិន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត