
រដ្ឋធានីហាណូយ៖ ក្រសួងការបរទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ទី១៦ ខែតុលា បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីការពារជនជាតិវៀតណាមរងគ្រោះ ឬត្រូវបានឆបោកឱ្យទៅធ្វើការនៅក្នុងកន្លែងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា។ ក្រសួងបានបញ្ជាក់ថា វៀតណាមកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សាជាមួយបណ្តាប្រទេសជាដៃគូនានា ដើម្បីបង្កើតយន្តការកិច្ចសហប្រតិបត្តិការដែលពាក់ព័ន្ធ លើកកម្ពស់ប្រសិទ្ធភាពការងារការពារពលរដ្ឋវៀតណាម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅកម្ពុជា និងនៅក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហ័ង (Pham Thu Hằng) បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយ នារដ្ឋធានីហាណូយថា៖«ចំពេលមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃសកម្មភាពឧក្រិដ្ឋកម្មឆបោក និងពលកម្មដោយបង្ខំនៅកម្ពុជា និងប្រទេសមួយចំនួនក្នុងតំបន់ បណ្តាប្រទេសនានារួមទាំងវៀតណាមបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ»។ លោកស្រីបញ្ជាក់ថា ក្រសួងការបរទេសកំពុងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីបង្កើតយន្តការកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារការពារពលរដ្ឋរវៀតណាម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងបច្ចេកវិទ្យាខ្ពស់នៅកម្ពុជា និងក្នុងតំបន់។

អ្នកនាំពាក្យរូបនេះបានសង្កតត់ធ្ងន់ថា៖«ទន្ទឹមនឹងនោះ ក្រសួងការបរទេស[វៀតណាម] បានណែនាំឱ្យបេសកជនតំណាងវៀតណាមប្រចាំនៅកម្ពុជា តាមដានស្ថានការណ៍ជានិច្ច ដាក់ចេញនូវវិធានការតបត និងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងប្រទេសវៀតណាម និងក្នុងប្រទេសកម្ពុជា ដើម្បីអនុវត្តវិធានការការពារប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា»។ ពាក់ព័ន្ធនឹងការឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ដោយអាជ្ញាធរកម្ពុជា ក្នុងប្រតិបត្តិការឆបោកកាលពីពេលថ្មីៗនេះ ក្រសួងការបរទេសវៀតណាមបានអះអាងថា បេសកកម្មតំណាងវៀតណាមនៅកម្ពុជា បានទាក់ទងយ៉ាងសកម្មជាមួយអាជ្ញាធរកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ករណីខាងលើ។

លោកស្រី ហ័ង បានលើកឡើងថា៖«ពួកគេ..ក៏បានស្នើសុំភាគីកម្ពុជាធានាសន្តិសុខ សុវត្ថិភាព និងជីវភាពរស់នៅរបស់ពលរដ្ឋវៀតណាម និងសម្របសម្រួលក្នុងដំណើរការកំណត់អត្តសញ្ញាណដំបូង»។ ជាក់ស្តែង ក្រសួងការបរទេសវៀតណាម បានណែនាំដល់នាយកដ្ឋានពាក់ព័ន្ធ និងបេសកកម្មតំណាង ឱ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារក្នុងស្រុក និងអាជ្ញាធរកម្ពុជា ដើម្បីអនុវត្តនីតិវិធីកុងស៊ុលចាំបាច់សម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋវៀតណាមឱ្យបានឆាប់រហ័ស។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ពលរដ្ឋវៀតណាមចំនួន៣៣នាក់ ត្រូវបានគេរំពឹងថា នឹងបញ្ជូនត្រឡប់មកប្រទេសកំណើតវិញ៕



