
រដ្ឋធានីរ៉ាបា៖ បាតុករប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសម៉ារ៉ុក បានកើតឡើងអស់រយៈពេលប្រាំយប់ជាប់ៗគ្នា ខណៈការតវ៉ាបានធ្លាក់ចូលទៅក្នុងអំពើហិង្សា និងការបំផ្លិចបំផ្លាញសាជាថ្មី។ មនុស្សពីរនាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុង Lqliaa ប្រទេសម៉ារ៉ុក ខណៈកងកម្លាំងសន្តិសុខបានប្រើប្រាស់អាវុធតទល់នឹងក្រុមបាតុករដែលចង់លួចអាវុធរបស់ពួកគេ ក្នុងអំឡុងពេលប្រឈមមុខគ្នា កាលពីយប់ថ្ងៃទី១តុលាកន្លងទៅ...។

ការតវ៉ាត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី២៧កញ្ញា ដោយបាតុករទាមទារឱ្យមានការអប់រំ និងការថែទាំសុខភាពកាន់តែប្រសើរឡើង ហើយត្រូវបានរៀបចំតាមអ៊ីនធឺណិតដោយក្រុមយុវជនអនាមិកមួយក្រុម ដែលបានបង្កើតឡើងក្រោមឈ្មោះថា «GenZ 212»។ ការតវ៉ានេះ លេចឡើងប្រឆាំងនឹងរំហូរនៃការវិនិយោគរាប់ពាន់លាន ឆ្ពោះទៅរកការរៀបចំសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ខណៈសាលារៀន មន្ទីរពេទ្យជាច្រើនខ្វះខាតថវិកា។ ក្រុមនេះ បានប្រើប្រាស់វេទិកាដូចជាទិកតុក, អ៊ីស្តាក្រាម និងកម្មវិធី Discord ដើម្បីប្រមូលការគាំទ្រ។ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា កងកម្លាំងសន្តិសុខត្រូវប្រើអាវុធក្នុងការការពារខ្លួន បន្ទាប់ពីឧស្ម័នបង្ហូរទឹកភ្នែកមិនអាចបញ្ឈប់ក្រុមនេះពីការវាយលុកចូលទៅក្នុងកន្លែងរបស់ខ្លួន។ អាជ្ញាធរមូលដ្ឋានបន្ថែមថា ប្រដាប់ដោយកាំបិត ក្រុមនេះបានដុតបំផ្លាញផ្នែកមួយនៃស្នាក់ការ និងរថយន្តមួយគ្រឿង បង្ខំឱ្យកងកម្លាំងសន្តិសុខ ប្រើប្រាស់អាវុធក្នុងការការពារខ្លួន។

ឈ្មោះយុវជនជេនហ្ស៊ី (Gen-Z) សំដៅលើអ្នកកើតពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១២ កាន់តែផុលផុសខ្លាំងលើពិភពលោក ហើយចលនាបាតុកកម្មដ៏ខ្លាំងក្លាតាមបណ្តាប្រទេសនានា ក៏កើតចេញពីកម្លាំងយុវជនជំនាន់ថ្មីនេះដែរ។ ចលនា GenZ 212 ត្រូវបានបំផុសគំនិតដោយការតវ៉ាដែលដឹកនាំដោយយុវជនស្រដៀងគ្នានៅអាស៊ី និងអាម៉េរិកឡាទីន។ សមាជិករបស់ GenZ 212 នៅក្នុងកម្មវិធី Discord បានកើនឡើងប្រហែល៣ពាន់នាក់ ដល់ជាង១៣០ ០០០នាក់ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃចលនាតវ៉ាដឹកនាំដោយក្រុមយុវជន។ អាជ្ញាធរបានឆ្លើយតបដំបូងជាមួយនឹងការប៉ុនប៉ងរារាំងការប្រមូលផ្តុំ ប៉ុន្តែបាតុកម្មបានកើនឡើងទៅជាភាពចលាចលយ៉ាងទូលំទូលាយនៅយប់ថ្ងៃអង្គារទី៣០កញ្ញា។

ក្រសួងមហាផ្ទៃបានអះអាងថា សមាជិកកងកម្លាំងសន្តិសុខចំនួន២៦៣នាក់ និងជនស៊ីវិល២៣នាក់ បានរងរបួសក្នុងអំឡុងពេលការប៉ះទង្គិចគ្នា កាលពីថ្ងៃអង្គារទី៣០ កញ្ញា។ នៅផ្នែកផ្សេងទៀតនៃតំបន់អាហ្វ្រិក ពោលគឺនៅម៉ាដាហ្កាស្កា (Madagascar) ជាប្រទេសកោះមួយ ស្ថិតក្នុងទ្វីបអាហ្វ្រិកប៉ែកខាងកើតក៏កំពុងប្រឈមនឹងបាតុកម្មយុវជនជេនហ្ស៊ីនេះផងដែរ។ ចាប់ផ្តើមតាំងពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥មក បាតុកម្មទ្រង់ទ្រាយធំ បានកើតឡើង នៅរដ្ឋធានីអង់តាណាណារីវ៉ូ (Antananarivo) ហើយបន្តរីករាលកាន់តែធំទៅៗរហូតដល់ទីក្រុង និងតំបន់ផ្សេងទៀត ស្ទើរទូទាំងប្រទេសម៉ាដាហ្កាស្កា ហើយអ្នកចេញធ្វើបាតុកម្មនេះ គឺសុទ្ធសឹងតែជាយុវជនជេនហ្ស៊ី។ រៀងប្លែកពីគេបន្តិច! បាតុកម្មនៅម៉ាដាហ្កាស្កា មិនពាក់ព័ន្ធនឹងរឿងនយោបាយ ឬអំពើពុករលួយអ្វីឡើយ តែដោយសារខ្វះទឹក ខ្វះភ្លើងអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ៕


