ជនរងគ្រោះដោយហេតុការណ៍រញ្ជួយដីនៅម៉ារ៉ុកដង្ហើយរកជំនួយ ខណៈចំនួនអ្នកស្លា.ប់កើនដល់ជាង២១០០នាក់
N
Nary Vann
11 កញ្ញា 2023 01:47 AM

អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសម៉ារ៉ុក ក្នុងរយៈពេលជាង៦ទសវត្សរ៍ បានតស៊ូស្វែងរកអាហារ ទឹក និងទីជម្រក ខណៈដែលការស្វែងរកអ្នកបាត់ខ្លួននៅតែបន្ត ហើយចំនួនអ្នកស្លាប់មានជាង២១០០នាក់ ហើយក៏នឹងអាចកើនឡើងបន្ថែមទៀត។

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់២១២២នាក់ និងមនុស្សចំនួន ២៤២១នាក់បានរងរបួស។ ប្រទេសម៉ារ៉ុកបានបញ្ជាក់ថា ខ្លួនអាចនឹងទទួលយកការផ្ដល់ជំនួយសង្គ្រោះពីប្រទេសផ្សេងទៀត ហើយនឹងធ្វើការសម្របសម្រួលពួកគេប្រសិនបើចាំបាច់ នេះបើយោងតាមទូរទស្សន៍រដ្ឋ។ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបានរៀបចំស្បៀង​អាហារ ដើម្បីចែកចាយដល់ប្រជាជនក្នុងតំបន់រងគ្រោះ។ រដ្ឋាភិបាលក៏បានឱ្យដឹងថា ខ្លួនបានបង្កើតមូលនិធិសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយការរញ្ជួយដីផងដែរ ដោយបន្ថែមថា ខ្លួន​កំពុង​ពង្រឹង​ក្រុម​ស្វែងរក និង​ជួយ​សង្គ្រោះ ដោយ​ផ្តល់​ទឹក​ស្អាត និង​ចែកចាយ​អាហារ តង់ និង​ភួយ។ បន្ថែមលើនោះ កង​កម្លាំងយោធា​ដែលត្រូវ​បាន​កេណ្ឌ​ដើម្បី​ជួយ​កិច្ច​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ ​បាន​បង្កើត​ជំរំតង់សម្រាប់អ្នកដែលផ្ទះសម្បែងត្រូវបានបំផ្លាញដោយរញ្ជួយដី។ អង្គការសុខភាពពិភពលោកបានអះអាងថា មនុស្សជាង៣សែននាក់បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។  

ជុំវិញបញ្ហានេះ ប្រទេសនានាបានបញ្ជូនក្រុមការងាររបស់ខ្លួន ដើម្បីជួយសង្គ្រោះរកអ្នកបាត់ខ្លួន និងជំនួយផ្សេងទៀត។ តួយ៉ាងប្រទេសអេស្បាញបានឱ្យដឹងថា មន្ត្រីចំនួន៥៦នាក់ និងសត្វសុនខហិតក្លិន៤ក្បាល បានទៅដល់ប្រទេសម៉ារុក ខណៈដែលក្រុមទីពីរមាន៣០នាក់ និងសុនខ៤ក្បាលបន្ថែមទៀត កំពុងធ្វើដំណើរទៅកាន់ទីនោះ។ លើសពីនេះ ចក្រភពអង់គ្លេសបានឱ្យដឹងថា ខ្លួនកំពុងដាក់ពង្រាយអ្នកឯកទេសស្វែងរក និងជួយសង្គ្រោះចំនួន៦០នាក់ និងសុនខចំនួន៤ក្បាល ក៏ដូចជាក្រុមវាយតម្លៃផ្នែកវេជ្ជសាស្ត្រចំនួន៤នាក់ផងដែរ។ កាតាក៏បាននិយាយថាក្រុមស្វែងរក និងជួយសង្គ្រោះរបស់ខ្លួនបានចេញដំណើរទៅកាន់ប្រទេសម៉ារ៉ុកផងដែរ។

ទន្ទឹមគ្នានោះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន​ បានសម្តែងការសោកសៅចំពោះការបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការរញ្ជួយដីដ៏រន្ធត់នេះ។ លោក បៃឌិន បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហាណូយ ប្រទេសវៀតណាមថា៖ «យើងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ជំនួយចាំបាច់ណាមួយដល់ប្រជាជនម៉ារ៉ុក»។ បន្ថែមលើនោះ មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា ក្រុមអ្នកជំនាញគ្រោះមហន្តរាយ ដែលបញ្ជូនដោយសហរដ្ឋអាម៉េរិកបានធ្វើដំណើរទៅដល់ប្រទេសម៉ារ៉ុក ដើម្បីវាយតម្លៃស្ថានភាព។ ស្របពេលជាមួយគ្នានោះ បារាំង​បាន​កត់សម្គាល់​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់ជំនួយ ហើយ​កំពុង​រង់ចាំ​សំណើ​ផ្លូវការ​ពី​ប្រទេស​ម៉ារ៉ុក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត