ចំនួនអ្នកស្លា.ប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុកកើនដល់ជាង ៦០០ នាក់
ម៉េងហុង
09 កញ្ញា 2023 08:38 AM

ការរញ្ជួយដីដ៏ខ្លាំងមួយបានអង្រួនប្រទេសម៉ារ៉ុកកាលពីថ្ងៃសុក្រទី ៨ ខែកញ្ញា បានសម្លាប់មនុស្ស ៦៣២ នាក់។  ក្រសួង​មហាផ្ទៃ​ បានបង្ហាញ​ថា​ មនុស្ស​ ៣២៩ នាក់​ទៀត​បាន​រង​របួស​ក្នុង​នោះ ៥១ នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

អ្នកស្រុកក្នុងទីក្រុង Marrakech បាននិយាយថា អគារមួយចំនួនបានដួលរលំនៅក្នុងទីក្រុងចាស់ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ខណៈទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីរូបភាពនៃវិហារឥស្លាមដែលដួលរលំជាមួយនឹងកម្ទេចថ្មធ្លាក់សង្កត់លើរថយន្ត។ លើសពីនេះ ក្រសួងមហាផ្ទៃបានអះអាងនោះក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ការរញ្ជួយដីដ៏ព្រឺព្រួចបានវាយប្រហារខេត្ត Al Haouz, Ouarzazate, Marrakech, Azilal, Chichaoua និង Taroudant ខណៈចំនួនអ្នកស្លាប់ បានធ្វើឱ្យទីក្រុងមានភាពស្ងប់ជ្រងំ។

មេដឹកនាំជុំវិញពិភពលោកបានផ្ញើសាររំលែកទុក្ខដល់ប្រទេសម៉ារ៉ុក។ នាយករដ្ឋមន្ត្រីអេស្បាញ លោក Pedro Sanchez និង អធិការបតីអាល្លឺម៉ង់ Olaf Scholz បានចូលរួមរំលែកទុក្ខដល់សាច់ញាតិជនរងគ្រោះនៃគ្រោះរញ្ជួយដីដ៏គួរឱ្យរន្ធត់នេះ។ ចំណែក ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា មានការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៣២ នាក់។ លោកក៏បានអះអាងជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះផងដែរ។ ខណៈ រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសថា ក្រសួងការបរទេស និងការពារជាតិកំពុងរៀបចំក្រុមដ៏ធំមួយដើម្បីបញ្ជូនទៅប្រទេសម៉ារ៉ុក។ ពួកគេនឹងផ្តល់ជំនួយក្នុងប្រតិបត្តិការជួយសង្គ្រោះ និងជំនួយបន្ទាប់សម្រាប់ជនរងគ្រោះ។

គួរបញ្ជាក់ថា ការតភ្ជាប់ទៅអ៊ីនធឺណិតត្រូវបានរំខាននៅក្នុងទីក្រុង Marrakesh ដោយសារតែការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់បន្ទាប់ពីការបំផ្លិចបំផ្លាញ នេះបើយោងតាមអ្នកត្រួតពិនិត្យអ៊ីនធឺណិតសកល NetBlocks ។  មជ្ឈមណ្ឌល​ផ្តល់​ឈាម​ប្រចាំ​ទីក្រុង Marrakesh បាន​អំពាវនាវ​ឱ្យ​មាន​ការ​បរិច្ចាគ​ឈាម​សម្រាប់​ជន​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នេះ។ ស្ថាប័ននេះបានអំពាវនាវដល់ប្រជាជនទាំងអស់នៅក្នុងទីក្រុង Marrakesh មកមជ្ឈមណ្ឌលដើម្បីបរិច្ចាគឈាម ដោយចាប់ផ្តើមពីព្រឹកថ្ងៃសៅរ៍ទី ៩ ខែកញ្ញានេះ។ ប្រធានវិទ្យាស្ថានជាតិភូគព្ភសាស្ត្រ នៅប្រទេសម៉ារ៉ុក បាននិយាយថា ការរញ្ជួយដីកាលពីថ្ងៃសុក្រ គឺជាការរញ្ជួយដីខ្លាំងបំផុតក្នុងរយៈពេលមួយសតវត្សរ៍នៅក្នុងប្រទេស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត