អ្នកនាំពាក្យក្រសួងការពារជាតិ​ បដិសេធការផ្សាយរបស់ថៃថា កម្ពុជាចល័តទ័ព និងសព្វាវុធ
S
Soriya Sou
26 កញ្ញា 2025 01:40 PM

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានចេញមកច្រានចោល ចំពោះការផ្សាយរបស់បណ្ដាសារព័ត៌មានថៃមួយចំនួន ដែលបានចោទកម្ពុជាថាបានចល័តកងទ័ព និងសព្វាវុធ ជាសកម្មភាពបំពានកិច្ចព្រមព្រៀងបទឈប់បាញ់…។

ការបដិសេធរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើឡើងក្រោយមានបណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បាននាំគ្នាចុះផ្សាយថា៖«កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន»។ ជាការឆ្លើយតប លោកស្រី ម៉ាលី សុជាតា បានអះអាងថា ការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតនោះទេ ចំណែករូបភាពដែលបណ្តាញសង្គម និងសារព័ត៌មានថៃ បានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ៗ មិនមែនជារូបភាពក្នុងថ្ងៃទី២៦កញ្ញានោះឡើយ។

អ្នកនាំពាក្យការពារជាតិដដែល អះអាងបន្ថែមថា កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់បណ្តាញសង្គម និងអ្នកសារព័ត៌មានថៃនោះឡើយ។ កងកម្លាំងរបស់កម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។ កម្ពុជាប្ដេជ្ញាបន្តកិច្ចសហការឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត