រាជធានីភ្នំពេញ៖ ព្រះសង្ឃ អាចទ្រទ្រង់សរីរយន្ត (ជីវិត) ឱ្យប្រព្រឹត្តទៅបាន ដោយអាស្រ័យលើការផ្គត់ផ្គង់របស់ប្រជាពុទ្ធបរិស័ទ។ មិនត្រឹមតែចង្ហាន់ភោជន ស្បង់ស្បៃត្រៃចីវរ កុដិ ទីស្នាក់អាស្រ័យឡើយ ប្រជាពុទ្ធបរិស័ទខ្មែរ ថែមទាំងប្រគេនបច្ច័យ (ថវិកា) ដល់ព្រះសង្ឃ សម្រាប់រៀនសូត្រផងដែរ និងអាចយកទៅប្រើប្រាស់លើតម្រូវការផ្សេងៗទៀត។ ព្រះសង្ឃខ្មែរច្រើនព្រះអង្គ បានរៀនសូត្រខ្ពង់ខ្ពស់ និងរហូតអាចបានទៅរៀនដល់ក្រៅប្រទេសក៏មាន ដោយសារការជួយទំនុកបម្រុងពីប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។

ដូចដែលយើងបានដឹងហើយ ប្រជាជនខ្មែរភាគច្រើន គឺប្រកបរបរធ្វើស្រែចម្ការចិញ្ចឹមជីវិត។ ប្រជាពុទ្ធបរិស័ទខ្លះ មិនមែនជាអ្នកមានស្តុកស្តម្ភអ្វីនោះទេ ដោយគ្រួសារខ្លះ រកព្រឹកខ្វះល្ងាចក៏សឹងតែមាន តែពួកគាត់នៅតែមានសទ្ធាធ្វើបុណ្យជាមួយព្រះសង្ឃ។ សុខទុក្ខរបស់ប្រជាជន និងសុខទុក្ខរបស់ព្រះសង្ឃ គឺចងភ្ជាប់ជាមួយគ្នាជាដរាប។ ប្រជាជនបានសុខ ព្រះសង្ឃ ក៏នឹងបានសុខ។ ប្រជាជនជួបការលំបាក ព្រះសង្ឃក៏នឹងជួបការលំបាក។

ប្រទេសជាតិ និងវត្តអារាម ក៏ដូច្នេះដែរ។ ប្រទេសជាតិ មានសន្តិភាព ស្ថិរភាព វត្តអារាម ក៏នឹងអាចមានភាពស្ងប់ស្ងាត់។ ប្រទេសជាតិ មានបញ្ហា ព្រះសង្ឃតាមវត្តអារាម ក៏នឹងមិនអាចនៅសូធ្យធម៌ ធ្វើសមាធិបានដែរ។ ព្រះគ្រូអាចារ្យ ហែម ចៀវ វីរសង្ឃខ្មែរដ៏ល្បីល្បាញក្នុងសម័យអាណានិគមបារាំង ធ្លាប់មានព្រះថេរដីកាថា «ទុក្ខលំបាករបស់ប្រជារាស្រ្ត ជាទុក្ខលំបាករបស់ព្រះសង្ឃ។ ឆ្នាំងបាយលោកសង្ឃ គឺនៅនឹងប្រជាជន បើប្រជាជនវេទនា អត់បាយ ប្រជាជនគ្មានសិទ្ធិសេរីភាព បើប្រជាជននៅក្នុងឋានៈជាខ្ញុំកញ្ជះគេ លោកសង្ឃ ក៏ទទួលផលអាក្រក់ដែរ»។ ព្រះថេរដីកានេះ មានភាពល្បីល្បាញមកដល់បច្ចុប្បន្ន ហើយព្រះសង្ឃភាគច្រើនបំផុត សុទ្ធតែធ្លាប់បានឮ និងចងចាំ។

ពេលកម្ពុជា រងការវាយប្រហារ និងការរំលោភបំពានពីកងទ័ពថៃ ចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ២០២៥មក គេឃើញព្រះសង្ឃខ្មែរ បានចូលរួមជាមួយប្រជាជន ជួយលើកទឹកចិត្ត ជួយផ្តត់ផ្គង់សម្ភារៈ របស់ហូបពិសាដល់កងទ័ពជួរមុខ។ មកដល់ពេលនេះ កងទ័ពថៃ នៅតែបន្តធ្វើសកម្មភាពរំលោភបំពាន និងរំខានដល់កម្ពុជាតាមព្រំដែន ពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ។

កងទ័ពថៃ បានចូលមកដាក់បន្លាលួសព័ទ្ធយកផ្ទះប្រជាជនខ្មែរមួយចំនួនរួចមកហើយ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ។ មិនទាន់បញ្ឈប់សកម្មភាពឡើយ! កងទ័ពថៃ នៅតែបន្តចូលមកភូមិទាំង២នេះ ដើម្បីដាក់បន្លាលួសព័ន្ធយកផ្ទះប្រជាជនខ្មែរបន្ថែមទៀត។ ប្រជាជនខ្មែរជាម្ចាស់ទឹកដី គ្មានជម្រើសអ្វីក្រៅពីលើកគ្នាចេញទៅប្រឆាំងទប់ទល់ឡើយ ដោយក្នុងនោះ ក៏មានទាំងព្រះសង្ឃផងដែរ។

នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៥នេះ កងកម្លាំងថៃ (ទាំងកងទ័ព ទាំងប៉ូលិស) បាននាំគ្នាមកច្រើនជាងលើកមុនៗ ហើយក៏បានធ្វើសកម្មភាពធ្ងន់ធ្ងរជាងលើកមុនៗដែរ។ កងកម្លាំងថៃ បានប្រើអាវុធច្រើនប្រភេទមកលើប្រជាជនខ្មែរ រួមមាន កាំភ្លើងគ្រាប់ជ័រ គ្រាប់បែកផ្សែងឧស្ម័នបង្ហូរទឹកភ្នែក ចម្ពាមកៅស៊ូគ្រាប់ឃ្លី និងឧបករណ៍រំពងសំឡេង។

ខាងកម្ពុជា មានទាហានម្នាក់ ត្រូវភ្នែកស្តាំរបួសធ្ងន់ធ្ងរ ព្រះសង្ឃមួយព្រះអង្គ ត្រូវរបួសពោះ និងប្រជាជនស៊ីវិល២៦នាក់ទៀត ឬអាចមានលើសពីនេះ បានត្រូវរបួសចំកន្លែងផ្សេងៗ។ និយាយពីព្រះសង្ឃ! នៅពេលយប់ ព្រះសង្ឃខ្មែរមួយចំនួន មិនគង់នៅក្នុងវត្តឡើយ ដោយព្រះអង្គនាំគ្នាទៅគង់ក្រោមដើមឈើក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ព្រោះបារម្ភខ្លាចកងទ័ពថៃលួចចូលមកទាំងយប់ ដាក់បន្លាលួសព័ទ្ធយកដីយកផ្ទះប្រជាជនរបស់ព្រះអង្គ។

ព្រះសង្ឃ មិនត្រឹមតែមានតួនាទីទេសនាអប់រំប្រៀនប្រដៅពុទ្ធបរិស័ទ ឱ្យប្រពឹត្តសេចក្តីល្អប៉ុណ្ណោះទេ តែព្រះអង្គ ក៏ត្រូវមានព្រះទ័យឈឺឆ្អាលចំពោះសុខទុក្ខរបស់ប្រជាជន និងប្រទេសជាតិដែរ ពីព្រោះដូចបានបរិយាយខាងលើមកហើយថា ព្រះសង្ឃ មិនអាចគង់នៅជាសុខបានឡើយ បើប្រជាជនមានទុក្ខ ហើយវត្តអារាម មិនអាចស្ងប់ស្ងាត់បាននោះទេ បើប្រទេសជាតិជួបភាពវឹកវរ៕
សូមព្រះតេជគុណ និងប្រិយមិត្តទស្សនាវីដេអូ អត្ថាធិប្បាយដោយអ្នកនាង ផាត សុខនៅ៖


