តើពិភពលោកនឹងទៅជាយ៉ាងណា ប្រសិនបើពួកភេរវករប្រើបញ្ញាសិប្បនិម្មិត ផលិតអាវុធប្រល័យលោក?
ហៀប ស៊ីថេត
17 កញ្ញា 2025 11:00 AM

អាស៊ី៖ បច្ចេកវិទ្យាកាន់តែទំនើប ពិភពលោកកាន់តែគ្រោះថ្នាក់។ ជាក់ស្តែង ប្រទេសចិនបានព្រមានអំពីបញ្ញាសិប្បនិម្មិត ឬ AI ដែលនឹងអនុញ្ញាតឱ្យមនុស្សនៅលើពិភពលោកសិក្សាពីរបៀបបង្កើតអាវុធប្រល័យលោកដោយខ្លួនឯង ដូចជា មីស៊ីនុយក្លេអ៊ែរ និងអាវុធគីមីជីវសាស្ត្រជាដើម។ អ្វីដែលកាន់តែគ្រោះថ្នាក់នោះ គឺខ្លាចថា រូបមន្តផលិតអាវុធប្រល័យលោកទាំងនោះ ធ្លាក់ចូលទៅក្នុងកណ្តាប់ដៃ ពួកភេរវករ។ ប្រសិនបើរូបមន្តផលិតសព្វាវុធទាំងនោះ ពិតជាធ្លាក់ចូលទៅក្នុងកណ្តាប់ដៃពួកភេរវរករមែននោះ តើនរណាជាអ្នកទទួលខុសត្រូវ...? ហើយ តើជោគវាសនាពិភពលោកនឹងទៅជាយ៉ាងណា...?

ហានិភ័យពិភពលោកកំពុងរំកិលឆ្ពោះទៅរកគ្រោះថ្នាក់កាន់តែព្រឺព្រួច ដោយសារតែពិភពលោកកំពុងតែបាត់បង់ម្ចាស់ការ លើការគ្រប់គ្រងចំណេះដឹង និងសមត្ថភាពអាវុធនុយក្លេអ៊ែរ មីស៊ីល និងអាវុធគីមីជីវសាស្ត្រ។ នេះបើតាមឯកសារអភិបាលកិច្ចសុវត្ថិភាព AI បង្ហាញដោយនាគរាជអាស៊ី[ចិន]។ ហេតុអ្វីបាន AI គ្រោះថ្នាក់បែបនេះ...? ជាក់ស្តែង AI មានខ្លឹមសារ និងទិន្នន័យយ៉ាងទូលំទូលាយ រួមទាំងចំណេះដឹងទ្រឹស្តីមូលដ្ឋានទាក់ទងនឹងរូបមន្តផលិតអាវុធនុយក្លេអ៊ែរ មីស៊ីល និងអាវុធជីវសាស្ត្រ។

ឯកសារអភិបាលកិច្ចសុវត្ថិភាព AI របស់ចិនបានបង្ហាញថា៖«ក្រុមជ្រុលនិយម និងក្រុមភេរវករអាចទទួលបានចំណេះដឹងពាក់ព័ន្ធ និងការអភិវឌ្ឍសមត្ថភាពក្នុងការរចនា ផលិត សំយោគ និងប្រើប្រាស់អាវុធប្រល័យលោកបែបនេះ។ ពិភពលោកកាន់តែពិបាកនៅក្នុងការគ្រប់គ្រង[..]នោះវានឹងបង្កើនការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពិភពក្នុងតំបន់ និងពិភពលោក»។ ជុំវិញស៊ីរ៉ែនព្រមានអំពីហានិភ័យដ៏គ្រោះថ្នាក់នេះ មហាអំណាចយោធាឈានមុខគេរបស់ពិភពលោក រួមទាំងសហរដ្ឋអាម៉េរិក និងចិន បានព្យាយាមស្វែងរកមធ្យោបាយដើម្បីទប់ស្កាត់ ជាពិសេសពង្រឹងកងកម្លាំង សុវត្ថិភាពបច្ចេកវិទ្យា និងអាវុធរបស់ពួកគេបន្ថែមទៀតជាមួយនឹងប្រព័ន្ធ AI៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត