ស្ថាប័នជំនាញ ប្រាប់វិធីកុំឱ្យចាញ់បោកជនទុច្ចរិត ដែលប្រើរូបភាព ឬវីដេអូ AI
L
Linda Sorn
10 មិថុនា 2025 08:00 AM

រាជធានីភ្នំពេញ៖ បញ្ញាសិប្បនិម្មិត ឬ AI នៅពេលបច្ចុប្បន្ននេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកផលិតមាតិកាមួយចំនួន ដើម្បីផលិតរូបភាព និងវីដេអូ ក៏ប៉ុន្តែ ទន្ទឹមគ្នានេះ AI ក៏កំពុងជះឥទ្ធិពលអវិជ្ជមានផងដែរ ដូចជា ជនទុច្ចរិតអាចប្រើប្រាស់ដើម្បីឆបោកអ្នកដទៃ ជាដើម។​ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន រួមទាំងបង្ហាញពីវិធីសាស្រ្តមួយចំនួនក្នុងការបែងចែករវាងរូបភាពពិត ឬរូបប្រឌិតដោយ AI។

កម្មវិធី AI មួយឈ្មោះ Gemini របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google 
កម្មវិធី AI មួយឈ្មោះ Gemini របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google 

AI សំដៅទៅលើជ្រុងមួយនៃវិទ្យាសាស្រ្តកំព្យូទ័រ ដែលមានសមត្ថភាពអាចធ្វើសកម្មភាពជំនួសមនុស្ស ដែលមើលទៅអាចដូចសកម្មភាពពិត។ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល កាលពីពេលថ្មីៗនេះ បានចុះផ្សាយព័ត៌មានមួយនិយាយអំពីកម្មវិធី AI ឈ្មោះ Gemini របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google ដែលមានសមត្ថភាពបង្កើតវីដេអូដោយប្រើសំឡេងបានគ្រប់ភាសា។ វីដេអូទាំងនោះ មានភាពរស់រវើក ដូចវីដេអូពិត សឹងមិនអាចបែងចែកបាន។ ក្នុងន័យនេះ អគ្គនាយកដ្ឋានបង្ហាញការព្រួយបារម្ភ ខណៈជនទុច្ចរិតមួយចំនួនក៏អាចនឹងយកកម្មវិធី AI ទាំងនេះទៅបង្កើតរូបភាព ក្នុងគោលបំណងអាក្រក់ ដូចជាការឆបោកជាដើម។

រូបដែលបង្កើតដោយបញ្ញាសិប្បនិម្មិត ឬ AI 
រូបដែលបង្កើតដោយបញ្ញាសិប្បនិម្មិត ឬ AI 

ដើម្បីចៀសវាងការឆបោក ឬយល់ច្រឡំណាមួយ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានផ្តល់វិធីសាស្ដ្រមួយចំនួន ដើម្បីពិនត្យដឹងថាជា AI រួមមាន៖ ទី១. ទាញចំណាប់អារម្មណ៍ទៅលើកាយវិការ ជាទូទៅវីដេអូដែលបានបង្កើតដោយ AI តែងតែមានភាពមិនប្រក្រតី លើចលនា ឬកាយវិការដៃ ឬមាត់របស់តួអង្គនៅក្នុងវីដេអូ។ ទី២. សង្កេតមើលផ្ទៃខាងក្រោយនៃវីដេអូ ភាគច្រើនផ្ទៃខាងក្រោយនៃវីដេអូដែលបង្កើតដោយ AI តែងតែមានសភាពមិនប្រក្រតី មិនច្បាស់ ឬមានសភាពព្រិលៗជាដើម។ ទី៣. ផ្ទៃមុខរបស់តួអង្គ តែងតែមានសភាពដូចជាក្រមួន ជ័រ ឬរលោង។ 

រូបដែលបង្កើតដោយបញ្ញាសិប្បនិម្មិត ឬ AI 
រូបដែលបង្កើតដោយបញ្ញាសិប្បនិម្មិត ឬ AI 

ទី៤.ផ្តោតទៅលើការនិយាយ ទោះបីជាបច្ចេកវិទ្យាចុងក្រោយខ្លាំង ដែលសឹងតែមិនអាចបែងចែកបានក៏ដោយ ក៏ប៉ុន្តែសំឡេង ឬការនិយាយស្ដីរបស់តួអង្គគឺនៅមិនទាន់អាចដូចទាំងស្រុង ទៅនឹងការសន្ទនារបស់មនុស្សពិតបានទេ។ វិធីសាស្ដ្រខាងលើនេះ គឺជាការក្រើន​រំឭកមួយរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ទៅលើពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះរូបភាព ឬវីដេអូដែលចុះផ្សាយលើបណ្តាញសង្គម។ ជាពិសេស ត្រូវទាមទារឱ្យមានការចាប់អារម្មណ៍ ឬអាចចំណាយពេលត្រួតពិនិត្យបន្តិច ទើបអាចដឹងបានថាមួយណាជារូបភាពពិត ឬប្រឌិត៕

រូបដែលបង្កើតដោយបញ្ញាសិប្បនិម្មិត ឬ AI 
រូបដែលបង្កើតដោយបញ្ញាសិប្បនិម្មិត ឬ AI 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត