ឥណ្ឌូណេស៊ីកំពុងអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត សម្រាប់ប្រើប្រាស់ក្នុងស្រុក
N
Nary Vann
21 កុម្ភៈ 2025 11:00 AM

រដ្ឋធានីហ្សាការតា៖ ឥណ្ឌូណេស៊ីកំពុងជំរុញឆ្ពោះទៅមុខជាមួយការអភិវឌ្ឍនៃគំរូភាសាបើកចំហ (LLM) មានតម្លៃទាប ដែលត្រូវបានគេមើលឃើញថា ជាកំណែក្នុងស្រុកនៃ chatbot របស់កម្មវិធីឌីបស៊ីក (DeepSeek) របស់ចិន ក្នុងការប្រកួតប្រជែង ដើម្បីក្លាយជាមហាអំណាចបច្ចេកវិទ្យានៅអាស៊ីអាគ្នេយ៍។

លោក លូហ៊ុត ផនចៃតាន ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាតូ បានប្រាប់កិច្ចប្រជុំកំពូលសេដ្ឋកិច្ចឥណ្ឌូណេស៊ី ដែលបានធ្វើឡើងនាពេលថ្មីៗនេះនៅរដ្ឋធានីហ្សាការតា ថា ពួកគេបានបង្កើតក្រុមមួយដើម្បីបង្កើតកម្មវិធីឌីបស៊ីកផ្ទាល់ខ្លួនក្នុងស្រុក។ លោកបាននិយាយថា chatbot ដែលមិនបញ្ចេញឈ្មោះ នឹងត្រូវបានបង្ហាញដល់ប្រធានាធិបតី ប្រាបូវ៉ូ នៅដើមខែក្រោយ អាចឆ្លើយតបជាភាសាឥណ្ឌូណេស៊ី និងភាសាអង់គ្លេស។ លោក​ លូហ៊ុត មិន​បាន​បង្ហាញ​ថា ​តើ​ត្រូវ​ចំណាយ​លុយប៉ុន្មានលើ​កម្មវិធី​ប៉ុន្មាន​នោះ​ទេ? ដោយ​គ្រាន់​តែ​និយាយ​ថា​វា​មិន​ថ្លៃឡើយ។

លោក លូហ៊ុត ផនចៃតាន (Luhut Pandjaitan)
លោក លូហ៊ុត ផនចៃតាន (Luhut Pandjaitan)

ទន្ទឹមនឹងនោះ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី លោក អាសចាដ រ៉ាសជីដ (Arsjad Rasjid) បានអំពាវនាវឱ្យវិស័យឯកជនចូលរួមជាមួយរដ្ឋាភិបាល ដើម្បីជួយជំរុញការច្នៃប្រឌិត AI។ ឥណ្ឌូណេស៊ីកំពុងរៀបចំច្បាប់ស្តីពី AI ហើយចាត់ទុកកម្មវិធីឌីបស៊ីកជាជម្រើសមួយនៅក្នុងប្រព័ន្ធអេកូឌីជីថល។ យោងតាមរបាយការណ៍ e-Conomy SEA កាលពីឆ្នាំមុន ប្រជាជនវ័យក្មេងដែលយល់អំពីឌីជីថលនៅអាស៊ីអាគ្នេយ៍ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផលដំណើរការដោយ AI ខណៈការស្វែងរកទាក់ទងនឹង AI នៅក្នុងតំបន់បានកើនឡើង១១ ដងចាប់ពីឆ្នាំ២០២០ ដល់២០២៤។ 

ឧស្សាហកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ បានផ្លាស់ប្ដូរទេសភាពបច្ចេកវិទ្យារបស់តំបន់ដោយប្រទេសសិង្ហបុរី ថៃ និងម៉ាឡេស៊ី បានទាក់ទាញការវិនិយោគជាង៣០ពាន់លានដុល្លារអាម៉េរិក ក្នុងការវិនិយោគដែលទាក់ទងនឹង AI ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំមុន។ ទន្ទឹមគ្នានោះ ហ្វីលីពីនជិតបញ្ចប់កម្មវិធី iTanong ជាកំណែក្នុងស្រុករបស់ ChatGPT ដែលអាចបំពេញភារកិច្ចជាភាសា Tagalog និងភាសាអង់គ្លេស ខណៈក្រុមហ៊ុនម៉ាឡេស៊ីបានចេញផ្សាយ LLM ជាភាសាម៉ាឡេដែលស្របតាមវប្បធម៌របស់ប្រទេស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត