រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអនុប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ និងខេត្តយូណាន ជួយកៀងគរក្រុមហ៊ុនអាកាសចរណ៍ក្នុងខេត្តរបស់ខ្លួន ក៏ដូចជាខេត្តផ្សេងៗទៀតក្នុងប្រទេសចិន មកបណ្តាក់ទុននៅកម្ពុជា ដើម្បីជំរុញការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ…។

ការស្នើបែបនេះក្នុងឱកាសលោករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំយន្តការត្រីភាគីលើកទី២ នៅថ្ងៃទី១៦កញ្ញានេះ រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗជាច្រើន។ ក្នុងនោះ មានការចូលរួមពី លោក វ៉ាង វិនប៊ីន Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និង លោក លី ឈ័ន Li Chuan អនុប្រធានមន្ទីរវប្បធម៌ ទេសចរណ៍ខេត្តជាំងស៊ូ, លោក ហ្គូ កៃបូ Gou Kaibo អនុប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការលើកទឹកចិត្ត និងអាទិភាពបង្កបរិយាកាសអំណោយផលជាច្រើន ដល់វិនិយោគិនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា។ លោកស្វាគមន៍វិស័យឯកជនចិន ដែលមានវត្តមាន និងស្នើជួយកៀរគរដៃគូ ឬបុត្រសម្ព័ន្ធរបស់ខ្លួនមកវិនិយោគនៅប្រទេសកម្ពុជា ក្នុងវិស័យទេសចរណ៍ និងវិស័យសក្តានុពលដទៃទៀត។

ជាមួយគ្នា លោករដ្ឋមន្ត្រី ក៏បានស្នើរៀបចំផែនការសកម្មភាព និងអនុវត្ត ជាក់ស្តែងជំរុញកិច្ចប្រតិបត្តិការ និងសកម្មលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានព្រមព្រៀងកន្លងមក ក៏ដូចជាការរៀបចំ Famtrip និងការថតភាពយន្តទេសចរណ៍ (Film Tourism) រវាងកម្ពុជា-ចិន។ សូមជម្រាបថា ភាគីដែលបានចូលរួមក្នុងកិច្ចប្រជុំយន្តការត្រីភាគីលើកទី២ បានឯកភាពអនុវត្តឱ្យបានជាក់ស្តែង និងសកម្ម លើចំណុចដែលបានពិភាក្សាក្នុងកិច្ចប្រជុំផ្តោតលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗ និងមានលក្ខណៈទាក់ទាញ ការសម្របសម្រួលការធ្វើដំណើរទៅមករវាងប្រជាជនទាំងពីរឱ្យបានងាយស្រួល និងការតភ្ជាប់ផ្លូវអាកាសឱ្យកាន់តែច្រើនគោលដៅ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែទូលំទូលាយ និងទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងអន្តរជាតិមកទេសចរប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត៕



