
រដ្ឋធានីកដ្ឋមណ្ឌូ៖ ក្រោយការតែងតាំងឥស្សរជនថ្មីជានាយករដ្ឋមន្ត្រីស្តីទី ជំនួសនាយករដ្ឋមន្រ្តីចាស់ ដែលបានលាលែងពីតំណែង ដោយកម្លាំងជំរុញដ៏ខ្លាំងក្លាពីមហាបាតុកម្មរបស់យុវជន ប្រធានាធិបតីនេប៉ាល់ លោក Ramchandra Paudel ក៏បានរំលាយសភា ហើយអំពាវនាវឱ្យមានការបោះឆ្នោតថ្មី នៅក្នុងរយៈពេលប្រមាណកន្លះឆ្នាំទៀត។

សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក Paudel បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានប្រកាសថា អតីតប្រធានតុលាការកំពូល លោកស្រី ស៊ូស៊ីឡា កាគី (Shushila Karki) នឹងដឹកនាំប្រទេសបណ្តោះអាសន្នក្នុងតំណែងជានាយករដ្ឋមន្រ្តីស្តីទី បន្ទាប់ពីការតវ៉ាប្រឆាំងអំពើពុករលួយដឹកនាំដោយយុវជន Gen Z ដែលបានបង្ខំឱ្យនាយករដ្ឋមន្ត្រីមុន គឺលោក ខេភី ហ្សាម៉ា អូលី (KP Sharma Oli) លាលែងពីតំណែង។ យោងតាមសេចក្តីថ្លែងការណ៍ ប្រធានាធិបតីបានរំលាយសភា និងកំណត់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សម្រាប់ការបោះឆ្នោត។

លោកស្រី កាគី ត្រូវបានតែងតាំងបន្ទាប់ពីការចរចាដ៏ខ្លាំងក្លា រយៈពេលពីរថ្ងៃរវាងលោក Paudel មេទ័ព Ashok Raj Sigdel និងមេដឹកនាំបាតុករ។ ការតវ៉ាទូទាំងប្រទេស បានកើតឡើងដោយអំពើពុករលួយផង និងដោយសាររដ្ឋាភិបាល ប្រកាសបិទប្រព័ន្ធផ្សព្វផ្សាយសង្គមជាង២០ផង។ យ៉ាងហោចណាស់ មានមនុស្ស៥០នាក់បានស្លាប់ និងជាង១៣០០នាក់បានរងរបួស។

យ៉ាងណា អំពើហិង្សាបានថយចុះបន្ទាប់ពីលោក អូលី បានលាលែងពីតំណែងកាលពីថ្ងៃទី៩ កញ្ញា។ ប្រទេសនេប៉ាល់បានជួបបញ្ហាអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចចាប់តាំងពីការលុបបំបាត់របបរាជានិយមរបស់ខ្លួនក្នុងឆ្នាំ២០០៨ ខណៈដែលកង្វះការងារបានជំរុញឱ្យយុវជនរាប់លាននាក់ ទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសផ្សេងទៀតដូចជាមជ្ឈិមបូព៌ា កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ ក្នុងពេលនេះ ស្ថានភាពបានចាប់ផ្តើមវិលទៅរកភាពប្រក្រតីវិញ ដោយហាងនានាបានបើកដំណើរការដូចមុន តែបម្រាមគោចរនៅតែត្រូវបានដាក់៕



