នេប៉ាល់រកបាននាយករដ្ឋមន្ត្រីថ្មី ខណៈប្រទេសកំពុងវឹកវរ
ម៉េងហុង
13 កញ្ញា 2025 06:00 AM

រដ្ឋធានីកដ្ឋមណ្ឌូ៖ ការិយាល័យប្រធានាធិបតីនេប៉ាល់ បានប្រកាសនៅថ្ងៃសុក្រទី១២ កញ្ញាថា អតីតប្រធានយុត្តិធម៌របស់ប្រទេសនេប៉ាល់ លោកស្រី ស៊ូស៊ីឡា កាគី ត្រូវបានតែងតាំងជាមេដឹកនាំបណ្តោះអាសន្ន បន្ទាប់ពីមានការតវ៉ាដ៏សាហាវបានទម្លាក់រដ្ឋាភិបាល។

លោកស្រី ស៊ូស៊ីឡា កាគី (Sushila Karki)
លោកស្រី ស៊ូស៊ីឡា កាគី (Sushila Karki)

លោកស្រី កាគី អាយុ៧៣ ឆ្នាំ ដែលជាប្រធានយុត្តិធម៌ស្ត្រីទីមួយរបស់ប្រទេសនេប៉ាល់បានស្បថចូលកាន់តំណែង។ លោកស្រី កាគី បាននិយាយនៅពេលស្បថចូលកាន់តំណែងថា​៖«ខ្ញុំ ស៊ូស៊ីឡា កាគី... សូមស្បថក្នុងនាមប្រទេស និងប្រជាជន ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្ញុំជានាយករដ្ឋមន្ត្រី»។ លោកស្រី កាគី ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ក្រោយអតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក ខេភី ហ្សាម៉ា អូលី ត្រូវបានបង្ខំឱ្យលាលែងពីតំណែងភ្លាមៗក្រោយផ្ទុះបាតុកម្ម កាលពីថ្ងៃអង្គារទី៩ ខែកញ្ញា។ 

លោក ខេភី ហ្សាម៉ា អូលី
លោក ខេភី ហ្សាម៉ា អូលី

ប្រទេស ដែលមានប្រជាជន៣០លាននាក់ បានធ្លាក់ចូលទៅក្នុងភាពវឹកវរក្នុងសប្តាហ៍នេះ បន្ទាប់ពីកងកម្លាំងសន្តិសុខបានព្យាយាមបំបែកការប្រមូលផ្តុំក្រុមបាតុករប្រឆាំងអំពើពុករលួយវ័យក្មេង។ យ៉ាងហោចណាស់មនុស្ស៥១ នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាដ៏អាក្រក់បំផុតចាប់តាំងពីការបញ្ចប់សង្រ្គាមស៊ីវិល និងការលុបបំបាត់របបរាជានិយមក្នុងឆ្នាំ២០០៨។

សភា អគាររដ្ឋាភិបាលធំៗ និងសណ្ឋាគារទំនើបៗ ស្ថិតក្នុងចំណោមទីតាំងដែលត្រូវបានដុតបំផ្លាញដោយក្រុមអ្នកតវ៉ា។ អ្នកនាំពាក្យប៉ូលិសលោក ប៊ីណូដ ជីមៀ (Binod Ghimire) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ្នកទោសជាង១២ ៥០០ នាក់បានរត់គេចខ្លួនពីពន្ធនាគារនៅទូទាំងប្រទេសក្នុងអំឡុងពេលភាពចលាចល។ ទន្ទឹមនឹងនោះ កងទ័ពនេប៉ាល់បានរកឃើញកាំភ្លើងជាង១០០ ដើមត្រូវបានលួចនៅក្នុងការបះបោរ។ យោងតាមធនាគារពិភពលោក ការតវ៉ាបាននាំឱ្យមានបញ្ហាសេដ្ឋកិច្ចយូរអង្វែងនៅក្នុងប្រទេសនេប៉ាល់ ដែលមួយភាគប្រាំនៃប្រជាជនដែលមានអាយុពី១៥-២៤ ឆ្នាំគ្មានការងារធ្វើ ជាមួយនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រឹមតែ១៤៤៧ ដុល្លារអាម៉េរិកប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត