ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រើនរំឭក៨ចំណុច
S
Sreyleak Yith
09 កញ្ញា 2025 03:15 AM

រាជធានីភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី៨ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋ៨ចំណុច ដើម្បីការបង្ការក៏ដូចជាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍…។

៨ចំណុចដែលគណៈកម្មាធិការជាតិក្រើនរំឭក រួមមាន៖ ១.ត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្ត ដូចជាសំបកកង់ ហ្វ្រាំង ភ្លើងបំភ្លឺ និងចង្កូត។ ២.ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ក្នុងពេលធ្វើដំណើរមិនថា ជិត ឬឆ្ងាយ។ ៣.កុំបើកបរលើសល្បឿនកំណត់, ៤.កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។ ៥.ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់។ ៦.កុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរមិនត្រូវផ្ទុកអ្នកដំណើរលើដំបូលជាដាច់ខាត។ ៧.ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ។ ៨.ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។

គណៈកម្មាធិការជាតិ សង្ឃឹម និងជឿទុកចិត្តលើស្មារតីប្រុងប្រយ័ត្នរបស់ពលរដ្ឋ ក្នុងការអនុវត្តសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខសប្បាយ រីករាយជួបជុំជាមួយក្រុមគ្រួសារក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះ កុំឱ្យថ្ងៃសប្បាយក្លាយជាថ្ងៃកើតទុក្ខ។ សូមជម្រាបថា មូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្ដាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែស​ ដូចជា បើកបរលើសល្បឿនកំណត់ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាព ។ល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត