សូមប្រុងប្រយ័ត្ន៖ ក្នុងសប្ដាហ៍នេះ គ្រប់រាជធានី-ខេត្តនៅកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់កាន់តែខ្លាំងជាងមុន
S
Soriya Sou
01 កញ្ញា 2025 11:00 AM

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១កញ្ញានេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អំពីស្ថានភាពធាតុអាកាសនៅគ្រប់បណ្ដារាជធានី-ខេត្តរបស់កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់…។

យោងតាមការអង្កេត និងវិភាគរបស់ក្រសួងធនធានទឹក រកឃើញថា សម្ពាធទាបដែលកើតនៅសមុទ្ទចិនខាងត្បូង នឹងវិវត្តទៅជាព្យុះទី១៥ ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្ទអាន់ដាម៉ាន់ ឈូងសមុទ្ទថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងប្រទេសកម្ពុជា។ ស្ថានភាពនេះ នឹងធ្វើឱ្យតំបន់វាលទំនាប៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩​​កញ្ញា មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ក្នុងនោះ៖ រាជធានីភ្នំពេញ ខេត្តកំពង់ធំ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង, តាកែវ, កណ្តាល, និង សៀមរាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ ខេត្តកំពង់ស្ពឺ, ប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ជួរភ្នំដងរែក, និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៥៥ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្ទ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ខេត្តកំពត, កោះកុង, ព្រះសីហនុ, កែប, និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមាកន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ។

យោងលើការព្យាករនៅក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់ក្នុងបរិមាណកើនឡើងពីបង្គួរទៅច្រើនលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់ស្ទើរទូទាំងប្រទេស។ ក្រសួងធនធានទឹកបញ្ជាក់បន្ថែម។ ចំពោះមុខស្ថានភាពនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនប្រជានេសាទ អ្នកទេសចរដែលធ្វើដំណើរតាមផ្លូវសមុទ្ទ យកចិត្តទុកដាក់ បង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ចៀសវាកើតមានបញ្ហាណាមួយជាយថាហេតុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត