
រាជធានីភ្នំពេញ៖ លោក ហ្ស៊ូ ហាវ XU Hao អភិបាលរងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន សន្យានឹងជួយទាក់ទាញវិនិយោគិនក្នុងខេត្តរបស់លោក ឱ្យមកបណ្តាក់ទុនបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា។ ការអះអាងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៥សីហា…។

មន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រៅពីជួយទាក់ទាញវិនិយោគិន រដ្ឋបាលខេត្តយូណាន ក៏មានការសហការរៀបចំ FAM Trip ដោយអញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តយូណាន មកទស្សនា និងជួយជំរុញផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ មន្រ្តីទេសចរណ៍ បន្ថែមថា ក្នុងជំនួបនេះភាគីទាំងពីរបានឯកភាពក្នុងការជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តយូណាន ឱ្យកាន់តែទូលំទូលាយដោយស្របតាមស្មារតីនៃ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»។

សូមជម្រាបថា ផលិតផលទេសចរណ៍ គឺសំដៅដល់ធនធានដែលមានស្រាប់ ឬធនធានដែលបង្កើតឡើងជាអាទិ៍ សម្បត្តិវប្បធម៌ ធនធានធម្មជាតិ សម្បទាសេវាកម្ម ទំនិញសេវាកម្ម ផលិតផលផ្សេងៗទៀត ដែលអាចបំពេញសេចក្តីត្រូវការ ការចង់បាន និងការធ្វើសកម្មភាពទេសចរណ៍៕



