
ក្រុងច្បារមន៖ មន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣សីហា បានក្រើនរំឭកដល់រោងចក្របោកគក់ W.L Wei Lian Garment Co., Ltd នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានបង្កឱ្យមានការបំពុលខ្យល់ចេញពីបំពង់ផ្សែងឡចំហាយ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដុតកម្ទេចក្រណាត់នៅក្នុងឡ…។

មន្រ្តីបរិស្ថានគូសបញ្ជាក់ថា កាលពីថ្ងៃទី២២សីហា ក្រុមការងារក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យទីតាំងរោងចក្របោកគក់ W.L Wei Lian Garment ។ ក្រុមការងារបានពិនិត្យឃើញមានផ្សែងចេញពីបំពង់ឡចំហាយ មានពណ៌ក្រម៉ៅ និងមានក្លិនតិចៗ ក្នុងនោះ ឡចំហាយដំណើរការដោយប្រើប្រាស់អុសដុតលាយជាមួយកម្ទេចក្រណាត់។ មន្រ្តីជំនាញ បានធ្វើតេស្តសារធាតុបំពុលខ្យល់ពីបំពង់ផ្សែងឡចំហាយ លទ្ធផលឃើញថា មានកម្រិតលើសស្តង់ដារ គឺCO និងSO2។ បារ៉ាម៉ែត្រត្រូវបានរកឃើញ CO=២៥៦១ppm ដោយធៀបជាមួយស្ដង់ដារបញ្ចេញសារធាតុបំពុលខ្យល់ CO=១០០០ppm និងSO2=៦២០ppm ដោយធៀបជាមួយស្ដង់ដារបញ្ចេញសារធាតុបំពុលខ្យល់ SO2=៥០០ppm។

លើសពីនេះ មន្រ្តីជំនាញក៏បានរកឃើញ ការទុកដាក់សំណល់រឹង-រាវ មិនទាន់បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងច្បាប់។ មន្រ្តីបរិស្ថាន បន្ថែមថា ក្រុមហ៊ុនត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនឹងក្រសួងបរិស្ថាន និងត្រូវរៀបចំឱ្យមានរោងសម្រាប់ទុកដាក់សំណល់ផេះឱ្យបានត្រឹមត្រូវ ជៀសវាងទុកដាក់ចោលនៅទីវាល ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។ ក្រុមហ៊ុនត្រូវធានាថា អាងប្រព្រឹត្តិកម្មសំណល់រាវដំណើរការត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក៕





