
ខេត្តពោធិ៍សាត់៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២៥ បានព្យាករឃើញថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី១២កុម្ភៈនេះ ខេត្តពោធិ៍សាត់រងការបំពុលខ្យល់ខ្លាំង ដូច្នេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តខាងលើ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត…។

ក្រសួងគូសបញ្ជាក់ថា ថ្ងៃនេះមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣,៨៣មីលីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ធៀបនិងស្តង់ដារ៥០មីលីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ និងគិតជាសន្ទស្សន៍គុណភាពខ្យល់មធ្យម។ តែបើផ្អែកលើទិន្នន័យបង្ហាញថា ខេត្តពោធិ៍សាត់ ស្ថិតក្នុងពណ៌ក្រហម មានន័យថា «ខ្ពស់» ការបំពុលកម្រិតខ្លាំង។ ដូច្នេះ គួរកាត់បន្ថយការចេញទៅខាងក្រៅ ឬពេលចេញទៅក្រៅគួរប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើមប្រសិនបើចាំបាច់។ បើមានស្ថានភាពសុខភាព ដូចជា អស់កម្លាំង ក្អក ពិបាកដកដង្ហើម ឈឺទ្រូង ឈឺក្បាល ចង្វាក់បេះដូងលោតខុសប្រក្រតី ក្អួតចង្អោរ នោះគួរតែទៅមន្ទីរពេទ្យពិគ្រោះជាមួយវេជ្ជបណ្ឌិត។

ក្រសួងបន្តថា ចំពោះខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តប៉ៃលិន ស្ថិតក្នុងពណ៌លឿង បានន័យថា «មធ្យម» ការបំពុលកម្រិតស្រាល។ រីឯ ខេត្តកោះកុង ស្ថិតក្នុងពណ៌ទឹកក្រូច បញ្ជាក់ថា «បង្គួរ» មានការបំពុលកម្រិតមធ្យម។ គួរតែជៀសវាងសកម្មភាពចេញខាងក្រៅ បើសិនជាជៀសមិនបានតម្រូវការចេញក្រៅជាចាំបាច់ សូមប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើមជាជំនួយ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ផ្លូវដង្ហើមជាយថាហេតុកើតឡើង។

ដោយទ្បែក ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង និងខេត្តតាកែវ ស្ថិតក្នុង«ពណ៌បៃតង» បានន័យថា គុណភាពខ្យល់ល្អ។ ចំពោះខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ ស្ថិតក្នុង «ពណ៌ខៀវ» មានន័យថា គុណភាពខ្យល់ល្អណាស់ អាចធ្វើដំណើរចេញទៅក្រៅផ្ទះ៕





