
រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២៥ ព្យាករថា គិតត្រឹមម៉ោង៦ព្រឹកនេះ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង រងការបំពុលខ្យល់កម្រិតមធ្យម …។

ក្រសួងបរិស្ថាន អះអាងយ៉ាងដូច្នេះថា ព្រឹកថ្ងៃនេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៤៦.៦១ µg/m3 ធៀបនិងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ល្អ។ តែយ៉ាងណា បើតាមទិន្នន័យសង្កេតឃើញថា ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ស្ថិតក្នុងពណ៌ទឹកក្រូច បានន័យថា បង្គួរ មានការបំពុលកម្រិតមធ្យម។ ដូច្នេះ អ្នកដែលមានសុខភាពទន់ខ្សោយ គួរកាត់បន្ថយការចេញទៅខាងក្រៅ ឬពេលចេញទៅក្រៅគួរប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើមប្រសិនបើចាំបាច់។ បើមានស្ថានភាពសុខភាព ដូចជា អស់កម្លាំង ក្អក ពិបាកដកដង្ហើម ឈឺទ្រូង ឈឺក្បាល ចង្វាក់បេះដូងលោតខុសប្រក្រតី ក្អួតចង្អោរ នោះគួរតែទៅមន្ទីរពេទ្យពិគ្រោះជាមួយវេជ្ជបណ្ឌិត។

ក្រសួងបរិស្ថានបន្តថា ចំពោះខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន ស្ថិតក្នុងពណ៌លឿង មានន័យថា មធ្យម ការបំពុលកម្រិតស្រាល។ មនុស្សទូទៅអាចធ្វើសកម្មភាពចេញក្រៅផ្ទះជាធម្មតា តែអ្នកដែលមានសុខភាពទន់ខ្សោយបើមានរោគសញ្ញាដូចជាក្អក ពិបាកដកដង្ហើម រលាកភ្នែក នោះត្រូវកាត់បន្ថយរយៈពេលនៃសកម្មភាពចេញក្រៅ។

ដោយទ្បែក រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តតាកែវ និងខេត្តកែប ស្ថិតក្នុងពណ៌បៃតង បញ្ជាក់ថា គុណភាពខ្យល់ល្អ អាចចេញទៅខាងក្រៅជាធម្មតា តែបុគ្គលដែលមានប្រតិកម្មអាលែហ្ស៊ីតិចតួចគួរតែកាត់បន្ថយពេលវេលាដែលចេញទៅខាងក្រៅ។ រីឯ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ ស្ថិតក្នុងពណ៌ខៀវ បញ្ជាក់ថា គុណភាពខ្យល់ល្អណាស់ អាចចេញក្រៅផ្ទះបានដោយគ្មានការព្រួយបារម្ភនោះទ្បើយ៕





