
រាជធានីភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩សីហា បានបញ្ជាក់ថា មកទល់ពេលនេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» សាងសង់បានជាង៤០ភាគរយហើយ…។

គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៩កុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ បើតាម លោក ផន រឹម គិតត្រឹមដើមខែសីហា ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» មានរយៈពេល១៧ខែ នៃផែនការសាងសង់៤២ខែ ខណៈក្រុមការងារជំនាញកំពុងសម្រុកសាងសង់ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភ័ណ្ឌភាព។ លោកបន្ថែមថា៖«គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់បាន៤១ភាគរយ ហើយគម្រោងត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ខាងមុខ»។

ដោយហេតុថា រដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង បច្ចុប្បន្ន អង្គភាពគ្រប់គ្រងគម្រោងបាននិងកំពុងពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារ បន្តថែទាំដោយបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹកធានាសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ឆ្លងទីតាំងការដ្ឋាននោះផងដែរ។ លោក ផន រឹម បញ្ជាក់បន្ថែម។ សូមជម្រាបថា ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» មានប្រវែងសរុប១៦៥០ម៉ែត្រ (ប្រវែងស្ពានជាង៨៤០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង៨០៤ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគប្រមាណ៦០លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រោយពេលសាងសង់រួច ស្ពាននេះនឹងរួមចំណែកជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ និងធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ ស្ពាននេះក៏ជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ និងការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ ព្រមទាំងជួយពន្លឿនការអភិវឌ្ឍនៅតំបន់នោះផងដែរ៕





