
ក្រុងក្រចេះ៖ គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចបាន៨៩,៨៤ភាគរយ។ នេះបើតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន កាលយប់ពីថ្ងៃទី១៣មីនា ឆ្នាំ២០២៥…។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមានប្រវែង១៧៦១ម៉ែត្រ ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩គីទ្បូម៉ែត្រ និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប១៦,២០គីទ្បូម៉ែត្រ។ ដូចការគ្រោងទុក បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំលុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។ ក្រសួងបន្ថែមថា កាលពីថ្ងៃទី១៣មីនា ឆ្នាំ២០២៥ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់។

នេះជាការចុះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាផែនការសាងសង់នៃគម្រោងទាំងមូល។ ជាមួយគ្នា លោកក៏បានណែនាំក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសគម្រោង និងក្រុមហ៊ុនសាងសង់ យកចិត្តទុកដាក់ក្នុងការអនុវត្តការងារឱ្យមានគុណភាពខ្ពស់ មានផែនការការងារច្បាស់លាស់ និងមានគ្រឿងចក្រគ្រប់គ្រាន់ត្រឹមត្រូវទៅតាមទំហំការងារ និងផែនការដែលបានកំណត់។ សូមជម្រាបថា ស្ពានឆ្លងកាត់ទន្លេមេគង្គ ប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា៕




