
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករឃើញថា សម្ពាធទាបដែលកើតនៅសមុទ្ទចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានបក់លើសមុទ្ទអាន់ដាម៉ាន់ សមុទ្ទកម្ពុជា និងអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះ ធ្វើឱ្យខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងសៀមរាប អាចមានភ្លៀងធ្លាក់អមជាមួយខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥...។

ក្រសួងធនធានទឹក អះអាងថា តំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី។ ក្នុងនោះ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មិនមានភ្លៀងធ្លាក់ទ្បើយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ ម៉ែត្រ។

រីឯ តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿនមធ្យម៤ម៉ែត្រក្នុងមួយវិនាទី។ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ ពុំមានភ្លៀងធ្លាក់ទេ។

ដោយទ្បែក តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី ប៉ៃលិន ស្ទឹងត្រែង ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ គ្មានភ្លៀងធ្លាក់ទេ៕




