សិង្ហបុរី៖ ទិន្នន័យមជ្ឈមណ្ឌលចែករំលែកព័ត៌មាននៃក្រុមប្រឆាំងចោរសមុទ្ទអន្តររដ្ឋាភិបាល ReCAAP បានបង្ហាញថា ករណីលួច និងប្លន់ប្រដាប់ដោយអាវុធលើកប៉ាល់នៅអាស៊ីមានចំនួន៩៥ករណី កើនឡើង៨៣ភាគរយ ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ។ នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន...។

ឧប្បត្តិហេតុភាគច្រើនកើតឡើងនៅច្រកសមុទ្ទម៉ាឡាកា និងសិង្ហបុរី ខណៈក្រុមអ្នកឃ្លាំមើលបានកំណត់តំបន់ទាំងនេះថា ជាតំបន់គួរឱ្យព្រួយបារម្ភ។ ៦ខែដំបូងនៃឆ្នាំនេះ មានករណីប្លន់កប៉ាល់ចំនួន៨០លើកនៅក្នុងដែនទឹក ខណៈរយៈពេលដូចគ្នាប្រៀបធៀបឆ្នាំ២០២៤ មានត្រឹមតែ២១ករណីប៉ុណ្ណោះ។ យ៉ាងណា ឧប្បត្តិហេតុភាគច្រើននៅច្រកសមុទ្ទម៉ាឡាកា និងសិង្ហបុរី មិនធ្ងន់ធ្ងរទេ ដោយនាវិកកប៉ាល់ប្រមាណ៩០ភាគរយមិនរងរបួសទេ កំលុងពេលនៃការវាយប្រហារ។ ឧប្បត្តិហេតុ៩ក្នុងចំណោម១០ករណី កើតឡើងបន្ទាប់ពីផ្ទៃមេឃងងឹត។ ជាមួយគ្នានេះ ៤០ក្នុងចំណោម៨០ករណីនៅក្នុងច្រកសមុទ្ទអាស៊ីអាគ្នេយ៍ទាំងពីរ គ្មានអ្វីត្រូវបានគេលួចនោះទេ ខណៈមានតែ២៩ភាគរយនៃការវាយប្រហារប៉ុណ្ណោះ ដែលពួកគេបានលួចយកគ្រឿងបន្លាស់ម៉ាស៊ីន។ គួរជម្រាបថា ប្រហែលពាក់កណ្តាលនៃការវាយប្រហារនៅច្រកសមុទ្ទម៉ាឡាកា និងសិង្ហបុរី គឺសំដៅលើក្រុមហ៊ុនដឹកជញ្ជូនភាគច្រើន និងមួយភាគបួនសំដៅលើនាវាដឹកប្រេង។ នេះបើតាម ReCAAP។

លើសពីនេះ មជ្ឈមណ្ឌល ReCAAP បានអះអាង៖«នៅក្នុងឧបទ្ទវហេតុភាគច្រើន ឧក្រិដ្ឋជនបានឡើងលើកប៉ាល់ ដែលមិនមានការការពារតឹងរ៉ឹង ហើយធ្វ់ើដំណើរក្នុងល្បឿនយឺតនៅក្នុងតំបន់ហាមឃាត់ នៃច្រកសមុទ្ទម៉ាឡាកា និងសិង្ហបុរី»។ ទន្ទឹមនោះ លោក វិឆ័យ ឌីឆាហ្វការ (Vijay D Chafekar) ដែលជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលចែករំលែកព័ត៌មាន ReCAAP បានលើកឡើងថា អាជ្ញាធរក្នុងតំបន់គួរតែបង្កើនវត្តមានរបស់ពួកគេនៅកន្លែងចោរសមុទ្ទ និងចោរប្លន់ប្រដាប់អាវុធកើតឡើងម្ដងហើយម្ដងទៀត ដើម្បីចាប់ខ្លួនពិរុទ្ធជនទាំងនោះ។ លោកសង្កត់ធ្ងន់ថា៖«អ្នកគ្រប់គ្រងនាវា ឬកប៉ាល់ដែលឆ្លងកាត់តំបន់មានការគ្រោះថ្នាក់ ចាំបាច់ត្រូវបង្កើនការឃ្លាំមើលនៅលើនាវា ឬកប៉ាល់ក្នុងអំឡុងពេលនៃភាពងងឹតជាច្រើនម៉ោង និងចាត់វិធានការបង្ការ ដើម្បីទប់ស្កាត់ការឡើងនាវា ឬកប៉ាល់ដោយគ្មានការអនុញ្ញាត [ពីសំណាក់ចោរសមុទ្ទទាំងនោះ]»។ គួរបញ្ជាក់ថា ការប្លន់កប៉ាល់ សំដៅលើអំពើហិង្សាដែនសមុទ្ទ ជាធម្មតាពាក់ព័ន្ធនឹងករណីលួច ប្លន់ទំនិញផ្សេងៗ ឬបង្អាក់ដំណើរកប៉ាល់ ដើម្បីផលប្រយោជន៍ឯកជន៕

