
រាជធានីភ្នំពេញ៖ សម្ពាធទាបដែលគ្របដណ្តប់លើសមុទ្ទចិនខាងត្បូង មានឥទ្ធិពលមកលើសមុទ្ទអានដាមម៉ែន ឈូងសមុទ្ទថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី និងកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី៣០ទៅ៣៥ភាគរយ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៥។

ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។ ក្នុងនោះ មានខេត្តកំពត កោះកុង ព្រះសីហនុ កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។

ដោយទ្បែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។ ជាមួយគ្នានោះ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ រីឯ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ ។ ក្នុងនោះដែរ រាជធានីភ្នំពេញ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និងតាកែវ អាចមានភ្លៀងធ្លាក់លាយទ្បំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់៕




