រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករឃើញថា សម្ពាធទាបគ្របដណ្តប់លើសមុទ្ទចិនខាងត្បូង សមុទ្ទអានដាមម៉ែន ឈូងសមុទ្ទថៃ អាងទន្លេមេគង្គលើរបបខ្យល់មូសុងនិរតី និងកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឱ្យ តំបន់មាត់សមុទ្ទ អាចមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥…។

ក្រសួងធនធានទឹក អះអាងថា តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីនិងបស្ចិម មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០ភាគរយ។ ចំពោះរលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។ រីឯ តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥ភាគរយ។

ដោយទ្បែក តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ ។ ខ្យល់បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥ភាគរយ៕

