
ក្រុងដូនកែវ៖ ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីយប់ថ្ងៃទី២៤មិថុនា ឆ្នាំ២០២៥…។

មន្ត្រីសាធារណការ បានគូសបញ្ជាក់ថា កាលពីថ្ងៃទី២៤មិថុនាម្សិលមិញ លោកចាន់ តារា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង បិទបញ្ចប់បេសកកម្ម។ មន្ត្រីសាធារណការបន្ថែមថា បន្ទាប់ពីខេត្តតាកែវក្រុមការងារបច្ចេកទេស នឹងរៀបចំផែនការសកម្មភាពសម្រាប់ចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅពេលឆាប់ៗខាងមុខ។ សូមរំឭកថា ការងារចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តតាកែវ បានចាប់ផ្តើមឡើងនៅថ្ងៃទី៣មិថុនា ឆ្នាំ២០២៥ ដោយបានបោះ សរុបចំនួន៥៥០បង្គោល។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ គម្រោងនេះ បម្រើផលប្រយោជន៍ដ៏សន្ធឹកសន្ធាប់សម្រាប់ប្រទេសជាតិសុទ្ធសាធ ធ្វើឱ្យកម្ពុជាមានឯករាជ្យ អធិបតេយ្យភាពលើប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់ខ្លួន។ សូមបញ្ជាក់ថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណន បានបើកកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត៕




