
រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ សម្រេចបាន៦៧ភាគរយហើយ…។

ក្រសួងសាធារណការ និងដឹកជញ្ជូន គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ក្នុងការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ដែលមានប្រវែង២១គីឡូម៉ែត្រ។ ជាលទ្ធផលរយៈពេល៦ថ្ងៃក្រុមការងារសម្រេចការកំណត់និយាមកា និងបោះបង្គោលទាំងអស់សរុប៩៦ចំណុច ក្នុងចំណោម១៤២ចំណុច ដែលបានគ្រោង ឬស្មើនឹង៦៧ភាគរយ។ សូមជម្រាបថា ព្រែកជីកហ្វូណនតេជោ មានប្រវែងបណ្តោយ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គស្ថិតក្នុងខេត្តកណ្តាលរហូតដល់សមុទ្ទខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺកណ្តាល តាកែវ កំពត និងកែប។ ចំណែកទទឹងវិញមានប្រវែងពី៨០ទៅ១០០ម៉ែត្រ និងជម្រៅមាន៥,៤ម៉ែត្រ។

ព្រែកនេះនឹងត្រូវប្រើពេល៤ឆ្នាំដើម្បីអាចបញ្ចប់ហើយថវិកាដែលត្រូវចំណាយមានប្រមាណ១,៧ពាន់លានដុល្លារ។ គម្រោងនេះជាសមិទ្ធផលប្រវត្តិសាស្ត្រផ្តល់ផលប្រយោជន៍ពហុវិស័យរួមមាន៖ ទី១-កាត់បន្ថយរយៈចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន, ទី២-បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ទី៣-ពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ដ្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វ។ រីឯទី៤-ដោះស្រាយ និងកាត់បន្ថយបញ្ហាគ្រោះទឹកជំនន់, ទី៥-ជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែផ្សេងទៀត, ជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម ទី៦-ជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

គួរឱ្យដឹងដែរថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ គម្រោងនេះ បម្រើផលប្រយោជន៍ដ៏សន្ធឹកសន្ធាប់សម្រាប់ប្រទេសជាតិសុទ្ធសាធ ធ្វើឱ្យកម្ពុជាមានឯករាជ្យ អធិបតេយ្យភាពលើប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់ខ្លួន។ សូមរំឭកថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណន បានបើកកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត៕





