
រាជធានីភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៥នេះ ខណៈបច្ចុប្បន្ន ក្រុមការងារជំនាញកំពុងដុតដៃដុតជើងបង្ហើយកិច្ចការដែលនៅសេសសល់។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២មិថុនា ឆ្នាំ២០២៥…។

លោក ផន រឹម បានបញ្ជាក់ថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេស បានបញ្ចប់ការងារក្នុងការចុះពិនិត្យទីតាំង, ប្រមូលទិន្នន័យ, ផ្ទៀងផ្ទាត់និយាមកា, និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ទាំងស្រុងហើយ ដោយចំនួនបង្គោលដែលបានពិនិត្យ និងបោះរួចរាល់មាន២៣២បង្គោល។ ជំហានបន្ត នៅថ្ងៃទី៣មិថុនានេះ ក្រុមការងារចុះពិនិត្យទីតាំង, ប្រមូលទិន្នន័យ, ផ្ទៀងផ្ទាត់និយាមកា, និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តតាកែវ ចាប់ផ្តើមបោះបង្គោលបន្តចាប់ពីព្រំប្រទល់ខេត្តកណ្ដាល និងខេត្តតាកែវ រហូតដល់ព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត ដែលគ្រោងបោះបង្គោលប្រមាណ៥០៦បង្គោលបន្ថែមទៀត។

ចំពោះការដោះស្រាយផលប៉ះពាល់វិញ អ្នកនាំពាក្យដដែលបានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបញ្ចប់ការងារវាស់វែងក្បាលដី ដែលរងផលប៉ះពាល់សម្រាប់កំណាត់ទី១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានប្រវែង២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ-ព្រែកពោធិ៍។ លោកថា ក្រុមការងារជំនាញកំពុងបន្តអនុវត្តនីតិវិធីពាក់ព័ន្ធដើម្បីបញ្ចប់ការងារនេះក្នុងពេលដ៏ខ្លីខាងមុខ។ សូមជម្រាបថា បើគ្មានការប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៥ ខណៈចំនួនគ្រឿងចក្រដែលត្រូវប្រើប្រាស់ក្នុងការសាងសង់ គឺអាស្រ័យលើពេលវេលា ស្ថានភាព និងទីតាំងដែលជ្រើសរើសសម្រាប់បើកការសាងសង់ជាផ្លូវការ។ ប៉ុន្តែជារួមពេលនេះ ក្រុមហ៊ុនសាងសង់បានត្រៀមគ្រឿងចក្ររួចរាល់ហើយ រង់ចាំតែការអនុវត្តនីតិវិធីចាំបាច់ (ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ -ល-) រួចរាល់ នឹងអាចចាប់ផ្ដើមការសាងសង់បាន។ នេះបើតាមការបញ្ជាក់របស់ លោក ផន រឹម។

គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្ទ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្ទខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ព្រែកជីកហ្វូណនតេជោ ដែលត្រូវបានគេមើលឃើញថា នឹងផ្តល់ភាពងាយស្រួលក្នុងការនាំទំនិញទៅមករវាងកម្ពុជា និងប្រទេសដទៃតាមផ្លូវទឹក ព្រមទាំងជួយបន្ថយតម្លៃនៃការដឹកជញ្ជូនបានច្រើនផងនោះ គ្រោងចាយទុនប្រមាណ១៧០០លានដុល្លារអាម៉េរិក និងប្រើរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ៕





