
អន្តរក្រុង៖ អនុគម្រោងកណ្តាលស្ទឹង-បាទី ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដែលត្រូវសាងសង់ប្រព័ន្ធជាច្រើនពាក់ព័ន្ធប្រព័ន្ធធារាស្ត្រ រាប់ចាប់តាំងពីការធ្វើស្ពាន ទំនប់ ទំនប់បង្ហៀរ ប្រឡាយ សំណង់យកទឹក-បង្វែរទឹក និងសំណង់ពាក់ព័ន្ធផ្សេងទៀតសម្រេចការសាងសង់បានប្រមាណ៥០ភាគរយ។ នេះបើតាមការឱ្យដឹងពី ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ឧសភានេះ..។

ក្រសួងបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ឧសភា លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងលោក កេនតូ ហ៊ីជីកាវ៉ា លេខាទូតទី២ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកស្រី មិអ៊ូរ៉ា យូស៊ីកុ អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការដ្ឋាន អនុគម្រោងកណ្តាលស្ទឹង-បាទីនេះ។ លោក ពេជ្រ វាសនា លើកឡើងថា អនុគម្រោងកណ្តាលស្ទឹង-បាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ មានការងារសំខាន់ៗត្រូវសាងសង់ដូចជា៖ ទំនប់សណ្ដស្ទឹងតូច១ខ្សែប្រវែង៩,៤០គីឡូម៉ែត្រ, ប្រឡាយមេបេតុង១ខ្សែប្រវែង៤គីឡូម៉ែត្រ, សំណង់បង្វែរទឹក២កន្លែង, សំណង់ស្ពាន៥កន្លែង, សំណង់ដោះទឹក១១កន្លែង, សំណង់យកទឹក៣កន្លែង, សំណង់ទំនប់បង្ហៀរទឹកកំពង់ដង្កោ១កន្លែង និងសំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង។

ទន្ទឹមនោះ លោកអនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់លើគុណភាពទៅតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ធ្វើឡើងក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចែកជាពីរអនុគម្រោងរួមមាន៖ទី១.អនុគម្រោងរលាំងជ្រៃ និងទី២.អនុគម្រោងកណ្តាលស្ទឹងបាទី។ អនុគម្រោងនេះត្រូវប្រើរយៈពេលសាងសង់ចំនួន៣៦ខែ ហើយគ្រោងនឹងបញ្ចប់ការងារក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ៕






