អាជ្ញាធរខេត្តស្ទឹងត្រែង ជំរុញពលរដ្ឋចូលរួមថែរក្សា និងការពារសត្វផ្សោតទន្លេមេគង្គ ដ្បិតជារតនសម្បត្តិជាតិ និងពិភពលោក
អាន ប៊ុនរ័ត្ននៈ
10 ឧសភា 2025 11:00 AM

ក្រុងស្ទឹងត្រែង៖ ការជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ គឺពិតជាមានសារសំខាន់ណាស់ក្នុងការអភិរក្ស ថែរក្សា ការពារសត្វផ្សោតទន្លេមេគង្គនេះ ឱ្យបានគង់វង់យូរអង្វែងតទៅមុខទៀត សម្រាប់កូនខ្មែរគ្រប់ជំនាន់បានស្គាល់។ នេះគឺជាការលើកឡើងដោយផ្តាល់ពីសំណាក់លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងឱកាសចុះសួរសុខទុក្ខក្រុមឆ្មាំទន្លេ នៅឯស្នាក់ការអភិរក្សសត្វផ្សោតត្បូងខ្លា ស្រុកសៀមបូក នៅថ្ងៃទី១០ឧសភា ឆ្នាំ២០២៥...។

បន្ទាប់ពីបានស្ដាប់របាយការណ៍ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សរ សុពុត្រា បានបង្ហាញមោទកភាពចំពោះវឌ្ឍនភាពនៃកំណើនកូនផ្សោតកើតថ្មីៗ នៅតំបន់អភិរក្សអន្លង់ត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូកនេះ រហូតមានការចាប់អារម្មណ៍ខ្លាំងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សមិទ្ធផលទាំងនេះ សបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន មន្ត្រីជលផល និងក្រុមអភិរក្សឆ្មាំទន្លេ ដែលបានរួមគ្នាផ្សព្វផ្សាយលិខិតបទដ្ឋានផ្សេងៗ ស្តីពីច្បាប់ជលផលជូនបងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងការខិតខំប្រឹងប្រែងចុះល្បាតការពារនូវធនធានជលផលជាតិដ៏កម្រមួយនេះ ឱ្យបានគង់វង្ស ដោយមិនខ្លាចនឿយហត់ឡើយ។ សកម្មភាពថែរក្សាការពាររបស់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នេះហើយ ទើបយើងទទួលបានសមិទ្ធផលដ៏ល្អមួយជូនដល់រាជរដ្ឋាភិបាល ការលើកកម្ពស់មុខមាត់ជាតិ តាមរយៈការអភិរក្សសត្វកម្រនៅលើពិភពលោក ដែលជារតនសម្បត្តិដ៏មានតម្លៃមិនកាត់ថ្លៃបាន។

បើយោងតាមរបាយការណ៍លោក ទុំ នីរ៉ូ បង្ហាញថា កាលពី៤-៥ទសវត្សរ៍មុន សត្វផ្សោតទន្លេមេគង្គ ធ្លាប់មានរស់នៅរាយប៉ាយក្នុងដែនជម្រកដ៏ទូលំទូលាយ តាមដងទន្លេមេគង្គ និងដៃទន្លេទាំងបីរួមមាន៖ ដៃទន្លេសេកុង ដៃទន្លេសេសាន ដៃទន្លេស្រែពក និងមានម្ដងម្កាលលេចវត្តមាននៅបឹងទន្លេសាប។ ផ្សោតទន្លេមេគង្គ ក៏មានរស់នៅតំបន់មួយចំនួនក្នុងប្រទេសលាវផងដែរ ក្នុងនោះមាននៅតាមជួរខ្សែល្បាក់ទឹក (ឬលាវហៅថា ល្បាក់ខោន), តំបន់ដងទន្លេជាប់ព្រំប្រទល់ដែនក្នុងឃុំស្រឡៅពីរនៃស្រុកឆែប ខេត្តព្រះវិហារ ។ល។ ប៉ុន្តែសត្វផ្សោតនៅប្រទេសលាវ មិនសូវមានច្រើនដូចនៅប្រទេសកម្ពុជាឡើយ។ យ៉ាងណា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ ជាប្រភេទសត្វទទួលរងការគំរាមកំហែងជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ ដែលហៅកាត់ថា IUCN កាលពីឆ្នាំ២០០៤ផងដែរ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវយុទ្ធនាការអភិរក្ស ការពារថែរក្សា សម្បត្តិជាតិដ៏មានតម្លៃមួយនេះជាខ្លាំង...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត