ឃា.ត.កដៃឆើតដែលបង្កការភ័យខ្លាចដល់មហាជន ពេលនេះសមត្ថកិច្ចព័ទ្ធចាប់ខ្លួនបានហើយ
ហាក់ អ៊ីឌី
15 កក្កដា 2024 08:44 AM

ខេត្តបាត់ដំបង៖ នៅទីបំផុតឃាតកដែលសម្លាប់ស្ត្រីវ័យចំណាស់ម្នាក់ មិនញញើតដៃ ដោយបានធ្វើសកម្មភាពយកកាំបិតខ្វាវ កាប់បណ្ដាលឱ្យដាច់-កស្លាប់ក្នុងថ្លុកឈាមកាលពីថ្ងៃទី០៦កក្កដា ឆ្នាំ២០២៤ ពេលនេះ ត្រូវសមត្ថកិច្ចឡោមព័ត្ធចាប់ខ្លួនបានហើយ ក្រោយជិះកង់រត់គេចខ្លួនបាន៩ថ្ងៃ...។

បើតាមការឱ្យដឹងពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤​ បញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានដឹកនាំប្រតិបត្តិការនេះ ដោយបានបើកការស្រាវជ្រាវ ចាប់តាំងពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ពោលគឺមានរយៈពេល៩ថ្ងៃ ទើបកម្លាំងសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យឈ្មោះ សឿន ទន់ ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បាន ខណៈឃាតករូបនេះ ត្រូវបាននគរបាលបញ្ជាក់ថា ជាមនុស្សប្រើប្រាស់គ្រឿងញៀន និងធ្លាប់នាំខ្លួនទៅអប់រំបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលកែប្រែម្ដងរួចមកហើយ។

គួររំឭកផងដែរថា កាលពីថ្ងៃទី០៦កក្កដា ឃាតកដៃឆៅខាងលើ បានធ្វើសកម្មភាពកាប់សម្លាប់ស្ត្រីចំណាស់ម្នាក់ជាច្រើនកាំបិតខ្វែវដាច់កស្លាប់នៅលើផ្លូវលំមួយ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្ត-គ ក្រុងបាត់ដំបង រួចបានជិះកង់រត់គេចខ្លួនចូលទៅក្នុងព្រៃភ្នំ ចំណុចឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បាត់ស្រមោលឈឹងតែម្ដង។ យ៉ាងណា មន្ត្រីសមត្ថកិច្ច និងកម្លាំងជំនាញស្រុក-ខេត្តពាក់ព័ន្ធទាំងអស់បានធ្វើការឡោមព័ទ្ធភ្នំនោះទាំងមូល ដើម្បីកុំឱ្យឃាតករត់គេចចេញពីទីតាំងខាងលើបាន។ ជាមួយគ្នានោះ សមត្ថកិច្ចជាច្រើនក្រុម បានធ្វើដំណើររុលចូលព្រៃតាមចាប់ឃាតកខាងលើ ដោយប្រើរយៈពេល៩ថ្ងៃទម្រាំតែចាប់ខ្លួនបាន។

ទោះយ៉ាងណា ក្រោយធ្វើសកម្មភាពរួច ឃាតកត្រូវបានប្រភពព័ត៌មានចែកចាយដំណឹងផ្សេងៗគ្នា ដោយខ្លះថាឃាតកបានរត់ចេញទៅដល់ស្រុកនេះ ស្រុកនោះ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានខាងលើនោះ ហើយត្រូវបានស្នងការខេត្តចេញសេចក្តីជូនដំណឹងទប់ស្កាត់ពាក្យចចាមអារ៉ាមទាំងនោះភ្លាមៗផងដែរ។ បច្ចុប្បន្ន ឃាតកខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ចូនមកកាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធីច្បាប់ ដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោស...៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត