អ្នកនេសាទខ្យងម្នាក់ ត្រូវបានគេកា.ប់.ស.ម្លា.ប់នៅលើទូកស្មាច់អំឡុងពេលចុះនេសាទ
អាន ប៊ុនរ័ត្ននៈ
14 វិច្ឆិកា 2024 10:00 AM

ខេត្តបាត់ដំបង៖ មានសេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្តបាត់ដំបង បានឱ្យដឹងថា មានបុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខកាប់សម្លាប់នៅលើទូកស្មាច់ ខណៈពេលដែលរូបគេធ្វើដំណើរទៅលើកខ្យងនៅក្នុងព្រៃរនាមក្រោមដែលជាសកម្មភាពអាជីវកម្មចិញ្ចឹមជីវិតដូចសព្វមួយដង...។

សពជនរងគ្រោះ
សពជនរងគ្រោះ

មន្ត្រីសមត្ថកិច្ចដែលបានចុះទៅត្រួតពិនិត្យសព បញ្ជាក់ថា ករណីឃាតកម្មខាងលើកើតឡើងនៅចន្លោះម៉ោង០០ទៅម៉ោង០១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចតាព្រាប (ក្នុងព្រៃរនាមក្រោម) ស្ថិតក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ  និងមិនដឹងថាមានគ្នាប៉ុន្មាននាក់ឡើយ ប្រដាប់ដោយអាវុធ រឹងមុត (អាចជាកាំបិត តែមិនដឹងថាកាំបិតប្រភេទអ្វី) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅលើទូកស្មាច់ ខណៈជនរងគ្រោះបានទៅលើកខ្យងនៅចំណុចកើតហេតុខាងលើ។

សមត្ថកិច្ចធ្វើកោសល្យវិច័យ និងសាកសួរព័ត៌មានពីប្រជានេសាទ
សមត្ថកិច្ចធ្វើកោសល្យវិច័យ និងសាកសួរព័ត៌មានពីប្រជានេសាទ

សមត្ថកិច្ចនគរបាលបានឱ្យដឹងបន្តថា ជនរងគ្រោះមានឈ្មោះ មុំ អេង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ខណៈពេលនេះត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកក្រុមជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីឆ្ពោះទៅកំណត់អត្តសញ្ញាណជនដៃដល់នាពេលខាងមុខ...៕

ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត