
រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២មេសា បានដាស់តឿនដល់ម្ចាស់អាជីវកម្មដឹកដី ខ្សាច់ ក្រួស ថ្ម សំណង់ ស៊ីម៉ងត៍ ឬបរិក្ខារសំណង់ផ្សេងៗ បើមានជ្រុះធ្លាក់តាមដងផ្លូវត្រូវប្រមូលចេញ និងលាងសម្អាតផ្លូវឱ្យបានស្អាត។ ក្នុងករណីគឃ្លើនមិនអនុវត្តទៅតាមវិធានការដែលបានណែនាំ នឹងត្រូវផ្អាកអាជីវកម្មជាបណ្តោះអាសន្ន…។

រដ្ឋបាលរាជធានីភ្នំពេញ គូសបញ្ជាក់យ៉ាងដូច្នេះថា ការក្រើនរំឭកនេះ ធ្វើទ្បើងដើម្បីទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ដូចនេះ រដ្ឋបាលខណ្ឌ ក៏ដូចជាអ្នកពាក់ព័ន្ធ ត្រូវណែនាំដល់ម្ចាស់អាជីវកម្មគួររៀបចំគ្របគម្រប ឬចងតង់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងជ្រុះធ្លាក់តាមដងផ្លូវ។ មួយវិញទៀត បើម្ចាស់អាជីវកម្មទុកដាក់ខ្សាច់ ក្រួស ថ្ម កម្ទេចអគារ ។ល។ រំលោភលើចំណីផ្លូវសាធារណៈបង្កឱ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើរ និងបង្កឱ្យមានការហុយជះប៉ះលើអ្នករួមដំណើរ នឹងត្រូវអនុវត្តតាមវិធានការផ្លូវច្បាប់ដោយគ្មានការលើកលែងទ្បើយ។

លើសពីនេះ ត្រូវអប់រំណែនាំដល់ម្ចាស់សំណង់ អ្នកទទួលការសាងសង់សំណង់ ម្ចាស់អាជីវកម្មបេតុងលាយស្រេច អាជីវកម្មថ្មសំណង់ ខ្សាច់ ក្រួស ឬបរិក្ខារសំណង់ផ្សេងៗ និងម្ចាស់អាជីវកម្មដឹកដី អំពីវិធានការទប់ស្កាត់ការហុយធូលី ឬភាគល្អិតនិចលទៅក្នុងខ្យល់ និងការបង្ហូរសំណល់ផ្សេងៗចេញពីទីតាំងប្រភពបំពុលដែលមានដូចជា៖ ការដ្ឋានសំណង់, ទីតាំងដឹកជញ្ជូនស៊ីម៉ងត៍ ខ្សាច់ ក្រួស ដី, ទីតាំងផលិតបេតុងលាយស្រេច, ការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។ល៕




