៥ឆ្នាំចុងក្រោយ ចិនជាប់លេខ១ និងលេខ២ ដែលមករកស៊ីច្រើនជាងគេនៅកម្ពុជា
S
Soriya Sou
11 មេសា 2025 05:00 AM

រាជធានីភ្នំពេញ៖ ក្រោមកិច្ចសហការទ្វេភាគី ការវិនិយោគចិននៅកម្ពុជា មានការវិវត្តពីមួយដំណាក់កាលទៅមួយដំណាក់កាល។ លោក ហឿន សំនៀង អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គិតចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ មកទល់ដើមឆ្នាំ២០២៥នេះ ទុនវិនិយោគរបស់ចិននៅកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ៣៦ពាន់លានដុល្លារអាម៉េរិក

រូបតំណាង/ រូបភាពពី Internet
រូបតំណាង/ រូបភាពពី Internet

ដោយឡែក ក្នុងរយ:ពេល៥ឆ្នាំចុងក្រោយ ពោលគិតចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ ប្រទេសចិនបានឈរនៅលំដាប់លេខ១លេខ២ សម្រាប់ការវិនិយោគឯកជននៅកម្ពុជា។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤កន្លងទៅ ការវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដែលមានទំហំទឹកប្រាក់ជាង៣,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងជិត៥០ភាគរយ នៃទុនវិនិយោគសរុបនៅកម្ពុជា។

លោក ហឿន សំនៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក ហឿន សំនៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចិនលើកិច្ចការអភិវឌ្ឍវិញ ក៏មានការវិវត្តដែរ។ ថ្លែងក្នុងវេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន» នៅរាជបណ្ឌិត្យសភាកម្ពុជា នាពេលថ្មីៗនេះ លោក ហឿន សំនៀង បានឱ្យដឹងថា គិតចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ ដល់ដើមឆ្នាំ២០២៥នេះ ចិនបានផ្តល់ជំនួយអភិវឌ្ឍផ្លូវការមកកម្ពុជាសរុបជិត៦ពាន់លានដុល្លារអាម៉េរិក សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ, ថាមពលនិងអគ្គិសនី, អប់រំ, សុខាភិបាល, កសិកម្ម, និងប្រព័ន្ធធារាសាស្រ្ដ ជាដើម។ គួររំលឹកថា រយៈពេល៣ខែដើមឆ្នាំ២០២៥នេះ កម្ពុជាអនុម័តគម្រោងវិនិយោគបានចំនួន១៧២គម្រោង ក្នុងទុនវិនិយោគប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ខណៈ​ប្រទេសចិននៅតែឈរលំដាប់លេខ១ ដែលបានមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាច្រើនជាងបណ្តាប្រទេសដទៃទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត