
រាជធានីភ្នំពេញ៖ ជាធុរជនមួយរូប ក្នុងចំណោមធុរជនជាច្រើន លោក ហ្សាង លាងហុង (張良紅) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន គីមូ អ៊ីនវ៉ាយរ៉ូមិនថល ហូលឌីង លីមីធីត (Kimou Environmental Holding Limited) កំពុងចាប់អារម្មណ៍ខ្លាំងលើឱកាសវិនិយោគនៅកម្ពុជា…។

ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៩មេសា ឆ្នាំ២០២៥ នាយកប្រតិបត្តិក្រុមហ៊ុន គីមូ អ៊ីនវ៉ាយរ៉ូមិនថល ហូលឌីង លីមីធីត បានជម្រាបជូនសម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនលោក ដែលបានចុះបញ្ជីក្រុមហ៊ុនភាគហ៊ុននៅទីក្រុងហុងកុង ហើយមានបទពិសោធខ្ពស់ ក្នុងការអភិវឌ្ឍសួនឧស្សាហកម្មធំៗ ដែលយកចិត្តទុកដាក់ខ្ពស់លើដំណោះស្រាយបរិស្ថាន។ ក្រោយមកដល់កម្ពុជា លោក ហ្សាង លាងហុង បាននិយាយត្រង់ៗនៅចំពោះមុខប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ឆ្លើយតបនឹងសំណើខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីរីករាយចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា និងបានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគលើផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ជាមួយគ្នា សម្តេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីស្វែងយល់បន្ថែមអំពីឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តោតលើអាទិភាពនៃការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ការការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោបាយ យន្តការ និងលើកទឹកចិត្តផ្សេងៗសម្រាប់ធុរជនបរទេស ជាពិសេសការវិនិយោគលើផ្នែកខ្សែច្រវាក់ផលិតកម្ម៕



