
រាជធានីភ្នំពេញ៖ បន្ទាប់ពីបានបណ្ដាក់ទុនវិនិយោគក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាជាគោលដៅវិនិយោគថ្មីមួយទៀតសម្រាប់ក្រុមហ៊ុន IKEA ជាក្រុមហ៊ុនផលិតគ្រឿងសង្ហារិម និងសម្ភារប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោក…។

ថ្លែងក្នុងពេលជួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី១៩មីនា លោក ជៀហ្វា សាហ្វាវើឌី (GIAFAR SAFAVERDI) នាយកប្រតិបត្តិក្រុមហ៊ុន IKEA ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បញ្ជាក់ថា នេះជាលើកទី១ដែលក្រុមហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ លោក ជា វុទ្ធី បានស្វាគមន៍ លោក ជៀហ្វា សាហ្វាវើឌី និងគណៈប្រតិភូ ដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ក្នុងនោះលោកក៏បានសង្ខេបអំពីគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា, របបនៃការលើកទឹកចិត្តដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន, ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា កាន់តែប្រសើរឡើង បូករួមកត្តាអំណោយផលផ្សេងៗទៀត ជូនគណៈប្រតិភូក្រុមហ៊ុនខាងលើផងដែរ។

ក្រោយសំណេះសំណាល និងពិភាក្សាគ្នា ក្នុងនាមកម្ពុជា លោក ជា វុទ្ធី បានជំរុញលើកទឹកចិត្តដល់តំណាងក្រុមហ៊ុន IKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីឆាប់ទទួលបានផលចំណេញ។ ជាការឆ្លើយតប លោក ជៀហ្វា សាហ្វាវើឌី បានអរគុណដល់អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដែលបានផ្តល់នូវព័ត៌មានពិតជាក់ស្តែងសម្រាប់ក្រុមហ៊ុនធ្វើជាមូលដ្ឋានសម្រេចចិត្ត។ ក្រុមហ៊ុន IKEA គឺជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោក ត្រូវបានបង្កើតឡើងនៅប្រទេសស៊ុយអ៊ែត តាំងពីឆ្នាំ១៩៤៣។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនធំលំដាប់ពិភពលោកមួយនេះ មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ២៩ពាន់លានដុល្លារអាម៉េរិក។ សូមបញ្ជាក់ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន IKEA មានសកម្មភាពវិនិយោគក្នុងប្រទេសមួយចំនួន ដូចជា៖ សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ថៃ និងវៀតណាម៕




