ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើអ្នកតែងចម្រៀងអសុរោះ និងគ្រោតគ្រាត
Mao Sopha
14 កុម្ភៈ 2025 11:00 AM

ដោយ៖ ស៊ូ សូរិយា

រាជធានីភ្នំពេញ៖ ពីពេលនេះទៅ ក្នុងបទចម្រៀងថ្មីណាមួយដែលបង្កប់ខ្លឹមសារគ្រោតគ្រាត ឬអសុរោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមច្បាប់ទៅលើអ្នកនិពន្ធ។ ក្រសួងវប្បធម៌ ចាត់ទុកការបញ្ចូលភាសាទាំងនេះទៅក្នុបទចម្រៀង ថាចំណុចអវិជ្ជមាន ប្រាសចាកពីក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរ ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសថែមទាំងប៉ះពាល់ដល់កុមារទៀតផង។  

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីវប្បធម៌
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីវប្បធម៌

ក្រសួងវប្បធម៌យកច្បាប់មកដាក់ពីមុខបែបនេះ ក៏ព្រោះតែសង្កេតឃើញនាពេលថ្មីៗនេះ អ្នកសិល្បៈ និងបុគ្គលល្បីៗមួយចំនួន បានតែងនិពន្ធបទចម្រៀង ឬស្នាដៃសិល្បៈ មានបង្កប់ខ្លឹមសារគ្រោតគ្រាត និងអសុរោះ។ យ៉ាងណា ក្រសួងវប្បធម៌ មិនចោលការណែនាំនោះទេ ដោយណែនាំឱ្យអ្នកសិល្បៈ បញ្ឈប់ជាបន្ទាន់នូវការតែងនិពន្ធបទចម្រៀង ការផ្សព្វផ្សាយចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត និងអសុរោះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរខ្លួនឯងផង និងសេចក្ដីថ្លៃថ្នូរក្នុងសង្គមផង ហើយក៏ដើម្បីបញ្ចៀសផលប៉ះពាល់សង្គមជាតិដែរ។ 

ការប្រគំតន្រ្តីមួយកន្លងមក
ការប្រគំតន្រ្តីមួយកន្លងមក

លើសពីនេះ ក្រសួងវប្បធម៌ ស្នើឱ្យលុបចោលចេញវិញ នូវរាល់ស្នាដៃអវិជ្ជមានដែលផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក ហើយចំពោះអ្នកចែករំលែកបន្ត ក៏គួរបញ្ឈប់ការចែករំលែក។ ក្រសួងវប្បធម៌ សង្ឃឹមថា អ្នកសិល្បៈ និងបុគ្គលល្បីៗ និងអ្នកប្រើប្រាស់បណ្តាញសង្គម នឹងចូលរួមអនុវត្តសេចក្តីណែនាំនេះ ដែលចេញនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ មិនមែនមើលឃើញតែចំណុចអវិជ្ជមាននោះទេ! ក្រសួងវប្បធម៌ ក៏មើលឃើញចំណុចវិជ្ជមានដែរថា មានអ្នកនិពន្ធ សិល្បករសិល្បការិនីជាច្រើន បានចូលរួមយ៉ាងសកម្ម ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ជាតិ ដែលជាកាយវិការគួរឱ្យគោរពនិងកោតសរសើរជាខ្លាំង៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត