សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រកាន់ខ្ជាប់នូវប្រពៃណីមិនធ្វើឱ្យយើងដើរមិនទាន់គេ មានតែធ្វើឱ្យយើងលូតលាស់ទំនើបកម្មតាមបែបខ្មែរ
K
Kimhuoy Klaing
19 កញ្ញា 2023 03:45 AM

រាជធានីភ្នំពេញ៖ បច្ចុប្បន្នពិភពលោកមានការវិវត្តយ៉ាងលឿន និងឆាប់រហ័ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកថា ទោះបីជាការវិវត្តទំនើបយ៉ាងណាក៏ដោយក្ដី ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណខ្មែរជានិច្ច ពោលគឺកុំឱ្យកូនខ្មែរភ្លេចនូវវប្បធម៌ និងអរិយ្យធម៌ដែលដូនតាបានបន្សល់ទុកមកជាយូរលុងណាស់មកហើយ...។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១៨០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖«ការវិវត្តទោះបីជាទំនើបយ៉ាងណា តែត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណខ្មែរ។ ពីណាថាប្រកាន់ខ្ជាប់នូវប្រពៃណីធ្វើឱ្យយើងដើរមិនទាន់គេ[..]អត់ទេ! តែធ្វើឱ្យយើងរីកចម្រើនលូតលាស់ទំនើបកម្មតាមបែបខ្មែរ គឺជាអ្វីដែលយើងត្រូវធ្វើ មិនយកអរិយធម៌របស់គេមកកែជាអរិយធម៌របស់យើងទេ តែត្រូវខិតខំរួមគ្នាយកវប្បធម៌អរិយធម៌យើងផ្សព្វផ្សាយទៅអន្តរជាតិឱ្យគេឃើញ»។ ស្របជាមួយគ្នានេះ សម្តេចធិបតីបានលើកឡើងថា នាប៉ុន្មានថ្ងៃមុននេះ ពេលដែលកម្ពុជាចូលរួមពិព័រណ៌ អាស៊ាន-ចិន លើកទី២០ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ហើយផ្សព្វផ្សាយនូវអ្វីដែលខ្លួនមាន ប្រទេសខ្លះគេមិនជឿថា យើងមានផង គេថាខ្មែរប្រទេសវាយគ្នា តែតាមពិតទៅយើងមានទាំងអស់។ សម្តេចបន្ថែមថា កម្មករ-កម្មការិនី សិស្សនិសិត្សកម្ពុជាដែលរៀន និងធ្វើការនៅក្រៅប្រទេស បានផ្សព្វផ្សាយនូវវប្បធម៌ និងអរិយ្យធម៌ខ្មែររួចទៅហើយ ដូច្នេះ អ្វីដែលយើងត្រូវធ្វើ គឺការពង្រឹងលើការងារផ្សព្វផ្សាយបន្ថែមទៀត។

យ៉ាងណាមិញ សម្តេចធិបតី ក៏បានភ្ជាប់ទៅនឹងការសម្រេចអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែន (Passport) បាននៅក្រៅប្រទេសតែម្ដង ដោយចាប់ផ្ដើមពីកូរ៉េខាងត្បូងមុនគេ ដើម្បីសម្របសម្រួលមធ្យោបាយ កាត់បន្ថយពេលវេលា ការចំណាយរបស់ពលករខ្មែរដែលចំណាកស្រុកទាំងនោះ។ ជាក់ស្តែង ពលករម្នាក់ៗដែលនៅប្រទេសក្រៅពិតជាមានភាពចាំបាច់ក្នុងការទទួលជំនួយពីរាជរដ្ឋាភិបាល ដោយហេតុថា ពួកគេមានការលំបាកក្នុងការធ្វើលិខិតឆ្លងដែនថ្មី ខណៈដែលលិខិតឆ្លងដែនចាស់អស់សុពលភាព និងមិនអាចពន្យារបាន ហើយត្រូវចំណាយពេលវេលា និងថវិកាធ្វើដំណើរត្រលប់មកប្រទេសកម្ពុជាវិញ ដើម្បីធ្វើលិខិតឆ្លងដែនថ្មី និងឯកសារផ្សេងៗទៀត ដូចជាលិខិតថ្កោលទោសជាដើម។ គួររំលឹកផងដែរថា ពលករកម្ពុជាប្រមាណជាង១,៣លាននាក់ បាននិងកំពុងបម្រើការងារនៅក្រៅប្រទេសចំនួន៧ ក្នុងនោះរួមមាន៖ ថៃ កូរ៉េ ជប៉ុន សិង្ហបុរី ហុងកុង និងអារ៉ាប៊ីសាអូឌីត។ ក្នុងនោះប្រទេសថៃ មានពលករខ្មែរច្រើនជាងគេ ដល់ទៅជាង១,២លាននាក់។ ក្នុងមួយឆ្នាំៗ ពលករខ្មែរដែលបានទៅធ្វើការនៅក្រៅប្រទេសទាំងអស់នេះ បានបញ្ជូនប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសប្រមាណជិត៣ពាន់លានដុល្លារអាម៉េរិក...៕ 

រដ្ឋមន្រ្តីក្រសួងការងារ
រដ្ឋមន្រ្តីក្រសួងការងារ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត