
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យប្រជាពលរដ្ឋបន្តថែរក្សាវប្បធម៌កេរដំណែលខ្មែរ ដែលដូនតាជំនាន់មុនបានបន្សល់ទុកមកតាំងពីយូរលុងណាស់មកហើយ។ ការថ្លែងជំរុញនេះ បានធ្វើឡើងក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក» ប្រារព្ធឡើងនាល្ងាចថ្ងៃទី២០កញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក...។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «សូមរក្សាការពារឱ្យបានគង់វង្សជារៀងរហូតក្រោមម្លប់នៃសន្តិភាពដែលជាប្រជាជាតិ និងប្រជាជនខ្មែរគ្រប់ស្រទាប់ត្រូវសាមគ្គីគ្នា ថែរក្សា ទប់ស្កាត់រាល់សកម្មភាពដែលបង្កើតភាពវឹកវរបង្កើតសង្គ្រាម ដើម្បីភាពរីកចម្រើនរុងរឿងប្រទេសជាតិយើងទាំងបច្ចុប្បន្ន និងអនាគត»។ គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចធិបតី ក៏បានកោតសរសើរក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធ ដែលបានខិតខំរហូតធ្វើឱ្យប្រាសាទកោះកេរ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។

រមណីដ្ឋានប្រាសាទកោះកេរ មានទីតាំងនៅក្នុងខេត្តព្រះវិហារ ស្ថិតនៅលើផ្ទៃដីប្រមាណ៨ពាន់ហិកតាដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។ កោះកេរជាអតីតរាជធានីរបស់ខ្មែរ ក្នុងសតវត្សរ៍ទី១០ មានអាយុកាលជាង១ពាន់ឆ្នាំមកហើយ ត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្ដូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ ឬឆោកគគីរ(ឆោកគគ្យ៌រ)។ ថ្លែងក្នុងពិធីអបអរសាទរនាថ្ងៃដដែលនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖«ការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោកនៅពេលនេះ គឺបង្ហាញអំពីបញ្ញាញាណដូនតាខ្មែរ ដែលបុព្វបុរសដ៏អស្ចារ្យខ្មែរបានបន្សល់ទុកវប្បធម៌ អរិយធម៌ និងសិល្បៈដ៏សម្បូរបែប ជាពិសេសសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទដ៏វិសេសវិសាលនៅទូទាំងប្រទេសកម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយចង់ចាំជាគំរូ»។

គួរបញ្ជាក់ផងដែរថា គិតទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤ម៉ឺនហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២៦៤៣ហិកតា និងតំបន់ប្រាសាទសម្បូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩០០០ហិកតា៕










