
ក្រុងព្រះសីហនុ៖ ក្រុមសិល្បៈពហុវប្បធម៌កុមារទីក្រុងឆាងវុន នៃសាធារណរដ្ឋកូរ៉េ និងសិល្បៈកុមារខេត្តព្រះសីហនុ បានសំដែងសិល្បៈផ្លាស់ប្ដូរវប្បធម៌កម្ពុជា-កូរ៉េ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ...។

ការរៀបចំសម្តែងសិល្បៈនេះ បានធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្ដូរវប្បធម៌កូរ៉េ-កម្ពុជា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាពខេត្ត-ក្រុងបងប្អូន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ដើម្បីបង្កលក្ខណៈដល់ប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉ បង្កើតភាពស្និទ្ធស្នាលស្វែងយល់ពីគ្នាកាន់តែច្បាស់ និងផ្សព្វផ្សាយពីសក្កានុពលវប្បធម៌ ទេសចរណ៍ និងធុរកិច្ចទៅកាន់សាធារណជនកូរ៉េ និងប្រជាពលរដ្ឋ នៃខេត្តព្រះសីហនុ។
លោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្ដូរវប្បធម៌កូរ៉េ-កម្ពុជា ជាតំណាងមជ្ឈមណ្ឌលទ្រទ្រង់ជនបរទេសខេត្តក្យុងសាំងណាម អាញ៉ុងហាសីមនីកា បានឱ្យដឹងថា កម្ពុជា ជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ប្រជាជនកូរ៉េ។ ជារៀងរាល់ឆ្នាំមានអ្នកទេសចរជនជាតិកូរ៉េប្រហែល៦ពាន់នាក់ មកលេងប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជាមួយចំនួនធំ ទៅលេងប្រទេសកូរ៉េផងដែរ។ ម្យ៉ាងវិញទៀត តាមការផ្លាស់ប្ដូរវប្បធម៌រវាងកូរ៉េ និងកម្ពុជា បានរីកសុះសាយយ៉ាងទូលំទូលាយ ជាឱកាសសម្រាប់ទីក្រុងឆាងវ៉ុន និងខេត្តព្រះសីហនុ កាន់តែជិតគ្នា។

លោកបានបន្ថែមថា ក្នុងឆ្នាំ២០១៦ ក្នុងមហោស្រព MAMF ជាមហោស្រពពហុវប្បធម៌ចម្រុះ ដ៏ធំនៅប្រទេសកូរ៉េ ដែលមាន១៥ប្រទេសចូលរួម ក្នុងនោះប្រទេសកម្ពុជា ក៏បានចូលរួមបង្ហាញពីភាពអស្ចារ្យ នៃសិល្បៈប្រពៃណីខ្មែរដល់ប្រជាជនកូរ៉េ។
គូរបញ្ជាក់ថា ខេត្តព្រះសីហនុ និងទីក្រុងឆាងវុន នៃសាធារណរដ្ឋកូរ៉េ បានបង្កើតចំណងមិត្តភាពជាខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាព តាំងពីឆ្នាំ២០១៧ និងបានផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ អប់រំ វប្បធម៌ បណ្តុះបណ្តាលធនធានមនុស្ស និងទស្សនកិច្ចសិក្សានាពេលកន្លងមក៕








