កម្ពុជា-អាល្លឺម៉ង់ មានឱកាសពង្រីកពាណិជ្ជកម្មទ្វេភាគីកើនលើស១ប៊ីលានដុល្លារ
អុន សម្ផស្ស
28 មករា 2025 04:45 AM

រាជធានីភ្នំពេញ៖ កម្ពុជា-អាល្លឺម៉ង់ កំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស្អិតល្មួតបន្ថែម ខណៈមន្ត្រីរដ្ឋាភិបាលនៃប្រទេសទាំងពីរកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងលើសឆ្នាំមុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ…។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  និងលោក ស្ទេហ្វាន មីស៊ើរើ Stefan Messerer
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  និងលោក ស្ទេហ្វាន មីស៊ើរើ Stefan Messerer

ក្រសួងការបរទេសបញ្ជាក់ថា កាលពីថ្ងៃទី២៧មករា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ស្ទេហ្វាន មីស៊ើរើ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានជួបសម្ដែងការគួរសម ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរ បានរម្លឹកអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ កិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប។ល។ ទន្ទឹមគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់នៅខេត្តសៀមរាប កាលពីឆ្នាំ២០២៤ និងចាត់ទុកថា ការណ៍នេះឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់អាល្លឺម៉ង់មកលើកម្ពុជា។

ជាមួយគ្នា មន្ត្រីរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង ដែលកាន់តែរីកចម្រើនរវាងកម្ពុជា-អាល្លឺម៉ង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឈរលើវិស័យផ្សេងៗរួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍប្រកបដោយ និរន្តរភាព ការបោសសម្អាតមីន និងថាមពល។ ភាគីទាំងពីរបានយល់ស្របគ្នាថា៖«ប្រទេសទាំងពីរនៅមានឱកាសជាច្រើនទៀតសម្រាប់ពង្រីក ពាណិជ្ជកម្មទ្វេភាគី ដែលមានលើសពី១ប៊ីលានដុល្លារអាម៉េរិកនាឆ្នាំកន្លងទៅ» ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្នើប្រទេសទាំងពីរពិចារណាលើការបញ្ចប់កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការជៀសវាងការយកពន្ធត្រួតស៊ីគ្នា និងការលើកកម្ពស់ និងការពារការវិនិយោគរួម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត