
រាជធានីភ្នំពេញ៖ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី២កក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានរំឭកអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយក្នុងអាណត្តិការទូតរបស់ឯកឧត្តមរយៈពេលជាង២ឆ្នាំមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់-កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយរដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនសម្តេចធិបតី អំពីការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបយ៉ាងឆាប់រហ័ស និងគាំទ្រលើការបើកស្ថានកុងស៊ុលនេះផងដែរ។ យ៉ាងណាមិញ សម្តេចធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការបង្កើតស្ថានកុងស៊ុលនេះ ដើម្បីសម្រួលការតភ្ជាប់រវាងប្រជាជន និងប្រជាជនជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ព្រមទាំងសម្រួលនូវវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។

ជាមួយគ្នានេះដែរ សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងចក្ខុវិស័យរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។ មុននឹងបញ្ចប់ ភាគីទាំង២ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួនបន្ថែមទៀត ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិរក្ស ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត និងកិច្ចសហប្រតិបត្តិការលើវិស័យបោះសម្អាតមីននៅកម្ពុជា។

ចុងក្រោយ ឯកអគ្គរដ្ឋទូតបានប្តេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈការលើកទឹកចិត្ត និងជំរុញឱ្យ វិនិយោគិនអាល្លឺម៉ង់មកវិនិយោគបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងការចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យ សុខាភិបាល និងវិស័យអប់រំ តាមរយៈការផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់៕






