
(ភ្នំពេញ)៖ បុរី មេគង្គ លែន និង ធនាគារ អ៊ឹមប៊ី (ខេមបូឌា) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានគេហដ្ឋាន ដែលធនាគារ អ៊ឹមប៊ី (ខេមបូឌា)នឹងផ្ដល់កម្ចីទិញផ្ទះជាមួយទំហំទឹកប្រាក់កាន់តែធំជាងមុន និងមានរយៈពេលកម្ចីកាន់តែវែងជាងមុនរហូតដល់៣០ឆ្នាំ ជូនដល់អតិថិជនគ្រប់គម្រោងនៃ បុរី មេគង្គ លែន។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានោះដែរ អ្នកស្រី ស្រ៊ុន គីមណាយ នាយកផ្នែក ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ តំណាងឱ្យ បុរី មេគង្គ លែន បានថ្លែងឱ្យដឹងថា៖ «ពិធីចុះហត្ថលេខាក្នុងថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាង បុរី មេគង្គ លែន និងធនាគារ អ៊ឹមប៊ី (ខេមបូឌា) ដើម្បីផ្តល់ភាពងាយស្រួលជូនទៅកាន់អតិថិជនរបស់ បុរី មេគង្គ លែន ឱ្យទទួលបានក្នុងក្ដីស្រមៃឱ្យបានកាន់តែឆាប់រហ័ស ដោយទទួលបានទំហំកម្ចីផ្ទះកាន់តែធំ និងរយៈពេលកម្ចីរហូតទៅដល់៣០ឆ្នាំ» ។

លោក ហ៊ីម ភីរម្យ នាយកប្រតិបត្តិ សេវាកម្មធនាគារបុគ្គល នៃធនាគារ អ៊ឹមប៊ី (ខេមបូឌា) បានមានប្រសាសន៍បន្ថែមផងដែរថា៖ «ធនាគារ អ៊ឹមប៊ី ខេមបូឌា មានសេចក្ដីសោមនស្សរីករាយជាខ្លាំងក្នុងការចាប់ដៃគូយុទ្ធសាស្ត្រជាមួយ បុរី មេគង្គ លែន ក្នុងការផ្ដល់ជូននូវដំណោះស្រាយហិរញ្ញប្បទានលើលំនៅដ្ឋាន ដែលជួយឱ្យអតិថិជនអាចទទួលបាននូវគេហដ្ឋានក្នុងក្ដីស្រមៃរបស់ពួកគេជាមួយលក្ខខណ្ឌឥណទានដ៏ប្រសើរស្របតាមតម្រូវការរបស់អតិថិជន។ ជាពិសេសសម្រាប់អតិថិជនរបស់ បុរី មេគង្គ លែននឹងទទួលបានឥណទានរហូត ៨០ភាគរយនៃតម្លៃផ្ទះ ជាមួយការអនុគ្រោះប្រាក់ដើមរហូតដល់ ៣៦ខែ ពីធនាគារ អ៊ឹមប៊ី (ខេមបូឌា)»។ បន្ថែមពីលើនេះ ដើម្បីអបអរសាទរពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បុរី មេគង្គ លែន ធ្វើការផ្ដល់ជូនប្រូម៉ូសិនដ៏ពិសេសមិនធ្លាប់មានជូនដល់អតិថិជន រួមមាន៖ ១.ការបញ្ចុះតម្លៃ១១៥ ០០០ដុល្លារ ភ្លាមៗ។ ២.ទិញផ្ទះទទួលបានរថយន្តទំនើបបច្ចេកវិទ្យាអាល្លឺម៉ង់ JETOUR ភ្លាមៗ និង ៣.ទិញភ្លាមចូលនៅភ្លាម។

បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A,។ ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ២០១១ និង៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណីតភាព សោភណភាពនៃរចនាបថស្ថាបត្យកម្ម សុវត្ថិភាពក៏ដូចជាផាសុកភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជនដោយគម្រោងហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ និងបរិវេណគម្រោងទាំងមូលត្រូវបានយាមដោយក្រុមសន្តិសុខបុរី ២៤ម៉ោងលើ២៤ម៉ោង។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ ធនាគារ អ៊ឹមប៊ី(ខេមបូឌា) បានសបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈដ៏មោះមុតរបស់ថ្នាក់ដឹកនាំនៃ បុរី មេគង្គ លែន ក្នុងការយកចិត្តទុកដាក់ និងគិតគូរដល់អតិថិជនរបស់ខ្លួន ដោយជ្រើសរើសយកធនាគារ អ៊ឹមប៊ី (ខេមបូឌា) ដែលមានសេវាកម្មអតិថិជនរហ័ស និងកម្ចីហិរញ្ញប្បទានទំហំធំ និងរយៈពេលកម្ចីយូរ មកធ្វើជាដៃគូសហការ ដើម្បីបំពេញតម្រូវការជូនដល់អតិថិជន។

គួរបញ្ជាក់ផងដែរថា ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ជាបុត្រសម្ព័ន្ធរបស់ធនាគារ អ៊ឹមប៊ី ដែលជាធនាគារឈានមុខគេនៅក្នុងប្រទេសវៀតណាម និងបានទទួលអាជ្ញាបណ្ណជាធនាគារពាណិជ្ជពេញលេញពីធនាគារជាតិនៃកម្ពុជានៅដើមខែមករា ឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើប្រតិបត្តិការធនាគារនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ដោយផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មល្អឥតខ្ចោះជូនអតិថិជន៕









