កោះព្រហ្មចារី ជាតំបន់សហគមន៍អេកូទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ខណៈប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ជំរុញឱ្យបង្កើនការផ្សព្វផ្សាយ
អាន ប៊ុនរ័ត្ននៈ
18 ធ្នូ 2024 09:01 AM

ខេត្តក្រចេះ៖ សហគមន៍អេកូទេសចរកោះព្រហ្មចារី ស្ថិតនៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ត្រូវបានអ្នកទេសចរជាតិ-អន្តរជាតិ ចាត់ទុកថា ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ប្រណិតមួយរបស់ខេត្តក្រចេះ ប៉ុន្តែការផ្សព្វផ្សាយហាក់នៅមានកម្រិត ដែលធ្វើឱ្យសក្តានុពលនៃវិស័យទេសចរណ៍ក្នុងតំបន់នេះ នៅមិនទាន់ទូលំទូលាយនៅឡើយ...។

ថ្លែងក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលព័ត៌មានសហគមន៍អេកូទេសចរណ៍ កោះព្រហ្មចារីជ្រោយបន្ទាយ ក្រោមការរៀបចំដោយអង្គការ WWF នៅថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានធ្វើការណែនាំ និងជំរុញឱ្យសហគមន៍អេកូទេសចរកោះព្រហ្មចារី ត្រូវធ្វើការគ្រប់គ្រង់ ដឹកនាំសហគមន៍ឱ្យបានល្អ ជាពិសេសលើសេវាកម្ម និងពង្រីកការផ្សព្វផ្សាយអំពីសក្តានុពលតំបន់ទេសចរណ៍របស់សហគមន៍ឱ្យមានភាពទាក់ទាញ និងកាន់តែទូលំទូលាយ តាមរយៈការផុសផ្សព្វផ្សាយលើបណ្តាញសង្គមនានា។ លោកប្រធានមន្ទីរ គូសបញ្ជាក់បន្ថែមថា អ្វីដែលបងប្អូនប្រជាសហគមន៍ត្រូវរក្សាឱ្យបាន នោះគឺគុណតម្លៃនៃសីលធម៌ស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ គ្រប់ខេត្ត-ក្រុង ដែលបានធ្វើដំណើរមកកម្សាន្តនៅទីនេះ និងការរក្សាតម្លៃម្ហូបអាហារឱ្យមានភាពច្បាស់លាស់ កុំដាក់តម្លៃលើសស្រេចតែនឹងចិត្ត ធ្វើឱ្យភ្ញៀវទេសចរលែងចង់មកលេងកម្សាន្តបន្តទៀត។ 

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ

ជាមួយគ្នានោះ លោក អ៊ន ចាន់តួ ប្រធានសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ បានឱ្យដឹងដែរថា នៅក្នុងសហគមន៍របស់លោក មានសក្តានុពលជាច្រើនរួមមាន៖ តំបន់កោះ តំបន់អភិរក្សសត្វផ្សោត តំបន់អភិរក្សសត្វក្តាន់ តំបន់ប្រវត្តិសាស្ត្រ និងតំបន់ថ្មីមួយទៀត ដែលបាននិងកំពុងតែគិត ដើម្បីអភិវឌ្ឍនាពេលអនាគត។ លោកបន្តថា តំបន់កោះទេសចរធម្មជាតិនៅទីនេះ មានចំនួន០៥ ដូចជា៖ កោះព្រហ្មចារី កោះព្រីង កោះក្របី កោះអន្លង់ទន្តា និងកោះខ្សាច់ ក្នុងកោះនីមួយៗ មានសណ្ឋានខុសគ្នា និងមានភាពទាក់ទាញស្រដៀងគ្នា។ ទន្ទឹមនឹងនោះ កោះមួយចំនួនអាចឱ្យអ្នកទេសចរបោះតង់ និងអាចស្ទូចត្រីបាន។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរនៅអាចងូតទឹកលេងកម្សាន្ត លេងកីឡាលើវាលខ្សាច់ អុំទូកកៃយ៉ាក់ ស្រស់ស្រូបអាហារនៅលើកោះ ស្តាប់សំឡេងទឹកហូរ សំឡេងបក្សាបក្សីយំច្រៀងតាមបែបធម្មជាតិ ដែលចំណុចល្អៗ និងមានសក្តានុពលទាំងអស់នេះហើយ ដែលបងប្អូនប្រជាអាជីវករយើងគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅក្រៅតំបន់ ដើម្បីឱ្យពួកគេបានដឹង។

លោក អ៊ន ចាន់តួ ប្រធានសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ
លោក អ៊ន ចាន់តួ ប្រធានសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ

គួរបញ្ជាក់ផងដែរថា ក្នុងសហគមន៍នៃតំបន់អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយនេះ ក៏មានតំបន់អភិរក្សសត្វផ្សោត និងមានសត្វផ្សោតដែលជាប្រភេទសត្វកម្រផងដែរ ព្រោះទីតាំងសហគមន៍ស្ថិតនៅជាប់នឹងរមណីយដ្ឋានអន្លង់ផ្សោតតែម្ដង ដូច្នេះ អ្នកទេសចរជាតិ-អន្តរជាតិ អាចមកទស្សនាជាកញ្ចប់បានយ៉ាងងាយស្រួល គឺអាចទស្សនាសត្វផ្សោត និងដើរលេងក្នុងតំបន់រមណីយដ្ឋានអេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយនេះផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត