តុលាការភ្នំពេញកា.ត់ទោសវៀតណាមម្នាក់ឱ្យជាប់ពន្ធនាគារមួយជីវិត និងម្នាក់ទៀតជាប់២៧ឆ្នាំ ពីបទល្មើសគ្រឿងញៀន
Mao Sopha
06 ធ្នូ 2024 04:30 AM

រាជធានីភ្នំពេញ៖ តុលាការភ្នំពេញ បានផ្តន្ទាទោសបុរសជនជាតិវៀតណាម២នាក់ជាឧក្រិដ្ឋជនគ្រឿងញៀន ដោយម្នាក់ឈ្មោះ ង្វៀង ទៀងមិញ អាយុ៣៣ឆ្នាំ ត្រូវជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់១០០លានរៀល ហើយម្នាក់ទៀត ឈ្មោះ ង្វៀង វ៉ាន់ណឹង អាយុ៣៥ឆ្នាំ ត្រូវជាប់ពន្ធនាគារ២៧ឆ្នាំ និងពិន័យជាប្រាក់៨០លានរៀល។ តុលាការភ្នំពេញ បានប្រកាសសាលក្រមស្តីពីការកាត់ទោសឧក្រិដ្ឋជនទាំង២នាក់នេះ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ 

រូបពី BTV
រូបពី BTV

ឧក្រិដ្ឋជនដែលជាប់ពន្ធនាគារអស់មួយជីវិត ត្រូវចោទពីបទរក្សាទុក និងជួញដូរសារធាតុញៀន។ ចំណែកឧក្រិដ្ឋជនដែលជាប់ពន្ធនាគារ២៧ឆ្នាំ ត្រូវចោទពីបទសមគំនិតក្នុងអំពើរក្សាទុកសារធាតុញៀន។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យតុលាការភ្នំពេញ ឧក្រិដ្ឋជនជនវៀតណាមទាំង២នាក់ បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣។ អ្នកនាំពាក្យតុលាការភ្នំពេញ ពុំបានបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មានឡើយថា គ្រឿងញៀនដែលស្ថិតក្នុងសំណុំរឿងនេះ មានទម្ងន់ និងចំនួនប៉ុន្មាន៕

តុលាការភ្នំពេញ ស្ថិតក្នុងអគារសាលាយុត្តិធម្ម
តុលាការភ្នំពេញ ស្ថិតក្នុងអគារសាលាយុត្តិធម្ម
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត